នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការ លោក លន់ លីដូ និងលោក ហិកទ័រ អ៊ាង បានចូលរួមវេទិកា«ចែករំលែកចំណេះដឹងស្តីពីកម្មវិធីរេដបូក (REDD+ Knowledge Day)» នៅទីក្រុងអូស្លូ ប្រទេសន័រវែស ដែលវេទិការនេះ សហការរៀបចំដោយមូលនិធិភាពជាដៃគូកាបូនព្រៃឈើ (FCPF) និងមូលនិធិ BioCarbon របស់ធនាគារពិភពលោក និង UN-REDD ។ វេទិកានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីអនុញ្ញាតឱ្យប្រទេសកំពុងអនុវត្តន៍កម្មវិធីរេដបូក (REDD+ Programme) ចែករំលែកចំណេះដឹងពីការអនុវត្តកម្មវិធីរេដបូក ឧត្តមានុវត្តន៍ និងបញ្ហាប្រឈម ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តកម្មវិធីរេដបូកក្នុងចំណោមប្រទេសទាំងអស់ ជាពិសេសកម្មវិធីនេះផ្តល់អត្ថប្រយោជន៍ក្នុងការទាក់ទាញនូវគម្រោងកាបូននានា និងការកៀរគរហិរញ្ញវត្ថុសម្រាប់ការអនុវត្តគម្រោងក្រោមកម្មវិធីរេដបូករបស់កម្ពុជា។ វេទិការនេះ ក៏មានការអញ្ជើញចូលរួមពីប្រតិភូបណ្តាប្រទេសចំនួន៣៩ ដែលកំពុងអនុវត្តន៍កម្មវិធីREDD+ រួមទាំងកម្ពុជា តំណាង UNFCCC, World Bank, UN-REDD Program, UNDP, UNEP និងFAO សរុបប្រមាណ ៨៥ រូប។
ក្នុងវេទិកានេះ ឯកឧត្តម ជួប ប៉ារីស៍ ត្រូវបានអញ្ជើញជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ និងវឌ្ឍនភាពក្នុងការអនុវត្តកម្មវិធី REDD+ កម្ពុជា ព្រមទាំងយន្តការគ្រប់គ្រងឥណទានកាបូន និងការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តភាពនៅកម្ពុជាផងដែរ។
ឯកឧត្តម បានមានប្រសាសន៍ថា កម្ពុជាបានចាប់ផ្តើមអនុវត្តន៍ពីគម្រោងតូចៗ រហូតពង្រីកជាគម្រោងធំៗ ដូចជាគម្រោងរេដបូកកែវសីមា គ្រោងរេដបូកក្រវាញខាងត្បូង និងគម្រោងរេដបូកព្រៃឡង់ ដោយបានផ្តល់ភាពជឿទុកចិត្ត និងយន្តការគ្រប់គ្រងច្បាស់លាស់របស់កម្ពុជា ធ្វើឱ្យក្រុមហ៊ុនធំៗរបស់អាម៉េរិក និងអឺរ៉ុបមួយចំនួនរួមមានក្រុមហ៊ុន Disney, Kering, Shell, Gucci និង Interface ជាដើមទិញឥណទាកាបូនពីកម្ពុជាដោយមានទំនុកចិត្តខ្ពស់ ហើយថវិកាដែលបានពីការលក់ឥណទានកាបូនត្រូវបានបែងចែកសម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ការការពារព្រៃឈើ ការលើកកម្ពស់ជីវភាពប្រជាសហគមន៍ និងគាំទ្រដល់មន្ត្រីថ្នាក់ក្រោមជាតិ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមថាតាមរយៈការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ បច្ចុប្បន្នប្រទេសកម្ពុជាប្រែក្លាយខ្លួនជាប្រទេសទទួលបានប្រាក់ចំណូលពីការការពារព្រៃឈើ និងការរក្សារឈើឈរ ដើម្បីជាផលប្រយោជន៍ដល់សេដ្ឋកិច្ចនិងសង្គមជាតិផងដែរ។