ចាប់ពីថ្ងៃទី២៥-២៦ ខែធ្នូ ឆ្នាំ២០២៣ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ដោយមានការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3) បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល ការបញ្ជ្រាបការប្រែប្រួលអាកាសធាតុ និងយេនឌ័រសម្រាប់យុវជន។ សិក្ខាសាលានេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម សេង សិលា អភិបាលរងខេត្តស្វាយរៀង និងដោយមានការចូលរួមពី មន្ត្រីនិងថ្នាក់ដឹកនាំក្រសួងបរិស្ថាន មន្រ្តីរដ្ឋបាលខេត្ត យុវជនតំណាងមន្ទីរខេត្ត យុវជនកាកបាទក្រហម និសិ្សតបញ្ញវ័ន្តក្មេងវត្ត និងតំណាងយុវជនស.ស.យ.ក.វិស័យបរិស្ថាន តំណាងស.ស.យ.ក.ខេត្តព្រៃវែង តាកែវ ត្បូងឃ្មុំ សរុប ចំនួន ៦៩រូប (ស្រីមានចំនួន ៣៣រូប)។ សិក្ខាសាលាមាគោលបំណងដើម្បីលើកកម្ពស់ចំណេះដឹងស្តីពីការប្រែប្រួលអាកាសធាតុដល់យុវជន និងអ្នកពាក់ព័ន្ធក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
ថ្លែងក្នុងកម្មវិធីបើក ឯកឧត្តម ជួប ប៉ារីស៍ បានលើកឡើងពីសមិទ្ធផលសំខាន់ៗក្នុងវិស័យបរិស្ថានក្នុងរយៈពេល១០០ថ្ងៃ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រួមមាន យុទ្ធនាការកាត់បន្ថយប្លាស្ទិក ការរៀបចំនិងដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីលើកកម្ពស់ភាពស្អាត ភាពបៃតង និងចីរភាព។ ឯកឧត្តមក៏បានបញ្ជាក់ពីចំណេះដឹងជាមូលដ្ឋាន និងវិទ្យាសាស្រ្តស្តីពីការប្រែប្រួលអាកាសធាតុ ការអនុវត្តគម្រោងរេដបូក យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។ ឯកឧត្តមក៏បានចែករំលែកលទ្ធផលសម្រេចបាននៅកិច្ចប្រជុំបណ្តាភាគី (COP28) ដែលជាកិច្ចប្រជុំមួយដ៏ជោគជ័យមួយដោយក្នុងនោះបានពន្លឿនការប្រើប្រាស់ថាមពលកកើតឡើងវិញ ឯកភាពលើមូលនិធិកិច្ចបាត់បង់និងខូចខាត ការលើកកម្ពស់ជីវភាពសហគមន៍ យេនឌ័រ ក្រុមងាយរងគ្រោះនិងយុវជន និងការកៀរគរថវិកាបានប្រមាណ ៨៣ពាន់លានដុល្លារអាម៉េរិក ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមលើកទឹកចិត្តឱ្យយុវជនបន្តវេន និងមន្រ្តីពាក់ព័ន្ធនឹងការងារប្រែប្រួលអាកាសធាតុត្រូវពង្រឹងសមត្ថភាព ជំរុញកិច្ចសហការ និងកៀរគរថវិកាឱ្យកាន់តែទូលំទូលាយក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុឱ្យកាន់តែមានប្រសិទ្ធភាព។
ជាលទ្ធផលសិក្ខាកាមបានយល់ដឹងអំពីស្ថានភាពទូទៅនៃការប្រែប្រួលអាកាសធាតុ រួមមាន៖ ១ ) និយមន័យ ២) ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ៣) ស្ថានភាព/សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ (REDD+ ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក) ៤) គោលនយោបាយឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា និងសកល ៥) ប្រភពព័ត៌មានស្តីពីការប្រែប្រួលអាកាសធាតុ និងជាពិសេសបញ្ហាយេនឌ័រនិងការប្រែប្រួលអាកាសធាតុ និង៦) តួនាទីរបស់យុវជននិងយេនឌ័រក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ។ សិក្ខាកាមក៏បានពិភាក្សា និងចែករំលែកបទពិសោធន៍អំពីតួនាទី ឧត្តមានុវត្តរបស់យុវជន ជាពិសេសឧបសគ្គ និងសំណូមពររបស់យុវជនដើម្បីចូលរួមឆ្លើយតបការប្រែប្រួលអាកាសធាតុឱ្យកាន់តែមានប្រសិទ្ធភាពនៅក្នុងសហគមន៍។