ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រី ឃ្លោក វិចិត្ររដ្ឋា អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ ត្រូវបានចាត់តាំងជំនួសជនបង្គោល ISA កម្ពុជា ចូលរួមក្នុងសម័យប្រជុំលើកទី៦ នៃមហាសន្និបាត សភាសម្ព័ន្ធពន្លឺព្រះអាទិត្យអន្តរជាតិ (the 6th ISA Assembly) ដែលបានប្រព្រឹត្ត ទៅក្រោមអធិបតីភាពឯកឧត្តម R.K. Singh រដ្ឋមន្រ្តី ក្រសួងថាមពលថ្មី និងកកើតឡើងវិញ នៃរដ្ឋាភិបាលប្រទេសឥណ្ឌា និងជាប្រធានសម្ព័ន្ធថាមពលពន្លឺព្រះអាទិត្យអន្តរជាតិ ISA នៅទីក្រុងញ៉ូវដែលលី ប្រទេសឥណ្ឌា។ ក្នុងកិច្ចប្រជុំនេះមានការចូលរួមពី រដ្ឋមន្ត្រីមកពី២០ប្រទេស បេសកជន ស្ថានទូត និងគណៈប្រតិភូមកពី១១៦ ប្រទេសជា សមាជិក និងប្រទេសហត្ថលេខី ដែលនឹងចូលរួមជាសមាជិកនាពេលអនាគត អង្គការដៃគូ វិស័យឯកជន ស្ថាប័នអប់រំ និងស្រាវជ្រាវ និងអ្នកពាក់ព័ន្ធផ្សេងទៀត។ គោលបំណងនៃមហាសន្និបាតលើកទី៦ នៃ ISA គឺពិនិត្យលើគំនិតផ្តួចផ្តើមរបស់ ISA ដែលជាលទ្ធផលគឺ ការទទួលបានថាមពល សុវត្ថិភាពថាមពល និងការផ្លាស់ប្តូរថាមពល ដោយផ្តោតលើ ១) សកលភាវូបនីយកម្មនៃ ការប្រើប្រាស់ថាមពល តាមរយៈបណ្តាញថាមពលពន្លឺ ព្រះអាទិត្យខ្នាតតូច ២) ការកៀរគរហិរញ្ញវត្ថុសម្រាប់ការពន្លឿនការដាក់ពង្រាយ ថាមពលពន្លឺព្រះអាទិត្យ និង៣) ការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ និងការផលិតផលិតផល ថាមពលព្រះអាទិត្យ។

ជាលទ្ធផលសរុបនៃសន្និបាតនេះគឺ បានពិនិត្យមើល និងអនុម័តលើរបៀបវារៈចំនួន២៥ ការផ្ដល់មតិយោបល់ ការថ្លែងបទអន្តរាគមន៍ពីប្រទេសមួយចំនួនក្នុងនោះមានដូចជា៖

១) ការលើកពីបទពិសោធន៍ល្អៗនៃការអនុវត្តគម្រោងក្រោមការគាំទ្រពី ISA និងការជំរុញឱ្យមានការពង្រីកការអនុវត្តទៅតំបន់ និងបណ្ដាប្រទេសផ្សេងៗ ដែលមានតម្រូវការថាមពល ជាពិសេសប្រទេសក្នុងតំបន់អាហ្រ្វីក ប្រទេសអភិវឌ្ឍន៍តិចតួច និងប្រទេសកូនកោះ។

២) បញ្ហាប្រឈម (ក្នុងនោះមានដូចជាសំណល់ អាគុយចាស់ៗ កង្វះនូវ ហេដ្ឋារចនាសម្ព័ន្ធសមស្រប កំណើនប្រជាជន ពឹងផ្អែកលើប្រេងឥន្ធនៈហ្វូស៊ីល) និងតម្រូវការ បច្ចេកវិទ្យាប្រព័ន្ធសូឡា ហិរញ្ញវត្ថុ បច្ចេកទេស។

៣) ជំរុញកិច្ចសហប្រតិបត្តិការសកលផ្នែកខាងត្បូង សកលផ្នែកខាងជើង ដើម្បីធានាយ៉ាងណាឱ្យបាននូវថាមពលស្អាត និងសុវត្ថិភាព និងចីរភាព។

៤) ការកសាងសមត្ថភាពជាការចាំបាច់សម្រាប់គ្រប់ភាគីពាក់ព័ន្ធ ពីថ្នាក់ជាតិ ដល់ថ្នាក់មូលដ្ឋាន និងវិស័យឯកជន ដើម្បីបង្កើនការវិនិយោគផ្នែកថាមពល ពន្លឺព្រះអាទិត្យ។ វិស័យឯកជនបង្កើនការវិនិយោគ បង្កើនសមត្ថភាពថាមពលពន្លឺព្រះអាទិត្យ/សូឡា ជាពិសេសនៅតំបន់ជនបទ បង្កើនផលិតផលអគ្គីសនី/គ្រឿងអេឡិចត្រូនិកដែលប្រើថាមពលពន្លឺព្រះអាទិត្យ ឧបករណ៍/បរិក្ខាវេជ្ជសាស្រ្តដែលដើរដោយថាមពលពន្លឺព្រះអាទិត្យ។

៥) ការគិតគូរពីទំនាក់ទំនងរវាង ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ផលិតផលអ៊ីដ្រូសែនបៃតង និងការផ្ទុកថាមពល។

៦) ប្រទេសអភិវឌ្ឍន៍មួយចំនួនបានបង្ហាញពីការចូលរួមគាំទ្រដល់ ISA (ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា) ក្នុងនោះមានប្រទេស France, Denmark, USA, Germany, Australia, UK, Italy, Norway, Saudi Arabia, Japan។

៧) មហាសន្និបាតសម្ព័ន្ធថាមពលពន្លឺព្រះអាទិត្យអន្តរជាតិលើកទី៦ សម្រេចបង្កើនលទ្ធភាពទទួលបានមូលនិធិ សម្រាប់គម្រោងថាមពលព្រះអាទិត្យ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ពី១០% រហូតដល់៣៥% នៃតម្លៃគម្រោង។

៨) គម្រោងដែលផ្តល់មូលនិធិដោយ ISA បាននាំមកនូវ ថាមពលពន្លឺព្រះអាទិត្យដល់សភានៃប្រទេសម៉ាឡាវី និងគម្រោងនៅប្រទេសហ្វីជី សីស្ហែល និងគីរីបាទី។ 

៩) កិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមដើម្បីសម្រេចគោលដៅកិច្ចព្រមព្រៀង ទីក្រុងប៉ារីស តាមរយៈការអនុវត្តសកម្មភាព NDC និងអព្យាក្រិតកាបូន និងការត្រៀមទៅកាន់កិច្ចប្រជុំកំពូលស្ដីពីការប្រែប្រួលអាកាសធាតុ (COP28) នៅពេលខាងមុខ។ល។



  • Share on Social Media