នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ទិន ពន្លក អនុប្រធានទី២ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចូលរួមជាអធិបតីក្នុងពិធីបើក និងដឹកនាំកិច្ចប្រជុំ ពិនិត្យ និងពិភាក្សាលើ “សេចក្តីព្រាងអនុក្រឹត្យស្តីពីការប្រមូលនិងការបែងចែកផលប្រយោជន៍ពីការប្រើប្រាស់ធនធានពន្ធុ (ABS)” និង “សេចក្តីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងយន្តការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ (GHG)”។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃក្រសួង/ស្ថាប័នពាក់ព័ន្ធ ដែលជាអនុប្រធាន និងសមាជិក-សមាជិកានៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងអ្នកពាក់ព័ន្ធសរុបប្រមាណជាង៨០រូប។

ជាលទ្ធផល៖

១)សម្រាប់សេចក្តីព្រាងអនុក្រឹត្យស្តីពី ABS៖ អង្គប្រជុំក៏បានគាំទ្រ កោតសរសើរ និងវាយតម្លៃខ្ពស់ដល់ការរៀបចំសេចក្តីព្រាងអនុក្រឹត្យ ABS នេះ ក្នុងគោលបំណងដើម្បីទាញយកផលប្រយោជន៍ពីអ្នកប្រើប្រាស់ធនធានពន្ធុសម្រាប់គាំទ្រដល់សេដ្ឋកិច្ច-សង្គម និងថែររក្សាការពារ និងអភិរក្សធនធានពន្ធុនៅកម្ពុជា រួមទាំងចំណេះដឹងជាប្រពៃណីពាក់ព័ន្ធ។ ក្រៅពីនេះអង្គប្រជុំក៏បានពិនិត្យ ផ្តល់យោបល់ និងធាតុចូលមួយចំនួន ដូចជា ការរៀបចំបញ្ជីសារពើភ័ណ្ឌធនធានពន្ធុជាតិ កម្មសិទ្ធិបញ្ញានៃធនធានពន្ធុរួមទាំងចំណេះដឹងជាប្រពៃណីពាក់ព័ន្ធ និងនីតិវិធីនានាពាក់ព័ន្ធនឹង ABS ។ល។

២) សម្រាប់សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងយន្តការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ (GHG)៖ អង្គប្រជុំបានលើកទឹកចិត្ត និងជំរុញដក់ការរៀបចំនូវអនុក្រឹត្យដ៏មានសារៈសំខាន់នេះដែលចូលរួមចំណែកក្នុងការលើកកម្ពស់ការវិនិយោគ (ថាមពលស្អាត ថាមពលកកើតឡើងវិញ ការស្រាវជ្រាវនិងការផ្ទេរបច្ចេកវិទ្យាមេត្រីបរិស្ថាន។ល។) ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល ក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ មិនតែប៉ុណ្ណោះអនុក្រឹត្យនេះនឹងចូលរួមចំណែកដល់ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការអនុវត្តគម្រោងនានា និងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ សំដៅសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់រាជរដ្ឋាភិបាល។

នៅទីបញ្ចប់ អង្គប្រជុំក៏បានឯកភាពជាគោលការណ៍ទៅលើខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យទាំងពីរ និងជំរុញលើកទឹកចិត្តឱ្យបន្តការរៀបចំសេចក្តីព្រាងអនុក្រឹត្យនេះ ឱ្យបានឆាប់រហូតទទួលបានការអនុម័ត ដើម្បីទាញយកថវិកា និងផលប្រយោជន៍នានាសម្រាប់គាំទ្រដល់សេដ្ឋកិច្ចជាតិ និងបង្កើនជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន។

អង្គប្រជុំក៏បានសម្រេចទុករយៈពេល១ខែ សម្រាប់សាមាជិកនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដើម្បីពិនិត្យ និងផ្តល់ធាតុចូលបន្ថែមតាមវិស័យពាក់ព័ន្ធ៕














  • Share on Social Media