ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថានមានកិត្តិយសសូមជម្រាបជូនសាធារណជន បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិ ស្ថានទូត និងអ្នកពាក់ព័ន្ធទាំងអស់ឱ្យបានជ្រាបថា កម្ពុជាបានដាក់ជូននូវយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN)  ទៅកាន់លេខាធិការដ្ឋានអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអា​កាសធាតុ (UNFCCC) កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១

ការដាក់ជូនយុទ្ធសាស្រ្តនេះ គឺស្របតាមការប្តេជ្ញាចិត្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងក្នុងកិច្ចប្រជុំកំពូលស្ដីពីមហិច្ឆតាអាកាសធាតុ របស់អង្គការសហប្រជាជាតិ ឆ្នាំ២០២០ ដើម្បីដាក់ឱ្យប្រើប្រាស់នៅដំណាច់ឆ្នាំ២០២១។ ការរៀបចំយុទ្ធសាស្ត្រនេះជាជំហានមួយដ៏សំខាន់សម្រាប់កម្ពុជាក្នុងនាមជាប្រទេសគាំទ្រ នូវសកម្មភាពពហុភាគីក្នុងកិច្ចការងារប្រែប្រួលអាកាសធាតុ ដើម្បីបង្ហាញភាពជាដឹកនំាតាមរយៈការអនុវត្តជាក់ស្តែងនូវសកម្មភាពអាកាសធាតុ។

កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសភាគីនៃអនុសញ្ញា UNFCCC ចំនួន ៤៩  ដែលបានដាក់ជូននូវយុទ្ធសាស្រ្តនេះទៅកាន់លេខាធិការដ្ឋានអនុសញ្ញា UNFCCC គិតត្រឹមពេលបច្ចុប្បន្ន ហើយជាប្រទេសអភិវឌ្ឍន៍តិចតួចទីពីរដែលបានដាក់ជូនយុទ្ធសាស្ត្រនេះដោយកំណត់ គោលដៅច្បាស់លាស់សម្រាប់អព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០។ ប្រការនេះបញ្ជាក់អំពី​សក្ខីភាព​មួយថ្មី​ទៀត​លើ​ការ​ប្តេជ្ញាចិត្ត​ដ៏​រឹងមាំ សង្គតិភាព និង​មានឆន្ទៈ​នយោបាយ​ខ្ពស់​ក្នុងការ​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ។

ទោះបីកម្ពុជា ចូលរួមចំណែកតិចតួចក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្តី តែតាមរយៈយុទ្ធសាស្រ្តនេះ កម្ពុជាបានបង្ហាញឆន្ទៈ និង ជំហររបស់ខ្លួនក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ផ្អែកតាមគោលការណ៍ «ការទទួលខុសត្រូវរួម ប៉ុន្តែកម្រិតផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន»

យុទ្ធ​សាស្រ្ត​នេះ មានគោលបំណងដើម្បី​ផ្តល់នូវផែនទី​បង្ហាញ​ផ្លូវ ផ្អែកលើការវិភាគគ្រប់ជ្រុងជ្រោយ ​និង​សេណារីយ៉ូពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចសំខាន់ៗ រួមទាំង សកម្មភាពកាត់បន្ថយអាទិភាព ដើម្បីឈានឆ្ពោះទៅសម្រេចបានការអភិវឌ្ឍប្រកបដោយអព្យាក្រឹតកាបូននាពេលអនាគត។ យុទ្ធសាស្រ្តនេះរួមបញ្ចូលការវិភាគអំពីតុល្យភាពរវាងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ​ការរីកចម្រើនសេដ្ឋកិច្ច យុត្តិធម៌សង្គម និងភាពធន់នឹងអាកាសធាតុ។​

កម្ពុជាអាចសម្រេច​បាន​អព្យាក្រឹត​កាបូនត្រឹម​ឆ្នំា​២០៥០ តាមរយៈ ១) ការបន្តកិច្ចខិតខំប្រឹងប្រឹងលើការអនុវត្តកម្មវិធីកាត់បន្ថយការបញ្ចេញឧស្ម័នដែលកើតឡើងដោយសារការបាត់បង់ និងការរេចរឹលព្រៃឈើ (REDD+) និងកំណែទម្រង់វិស័យព្រៃឈើរួមមាន ការអភិវឌ្ឍវិស័យព្រៃឈើប្រកបដោយនិរន្តរភាព ២)​ ការកាត់បន្ថយការបញ្ចេញឧស្ម័នពីវិស័យថាមពល និងការដឹកជញ្ជូន និងការលើកកម្ពស់ប្រសិទ្ធភាពថាមពល និង៣) ការលើកកម្ពស់កសិកម្មបញ្ចេញកាបូនតិច ដំណើរការឧស្សាហកម្ម និងការគ្រប់គ្រងសំណល់។ ការអនុវត្តយុទ្ធសាស្ត្រ LTS4CN នឹងរួមចំណែក​ជំរុញកំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ប្រ​ចំា​ឆ្នាំ​បន្ថែម​ចំនួន ២,៨% នៅ​ឆ្នំា​២០៥០ (ស្មើ​នឹង ៤,២​ ប៊ីលានដុល្លារសហរដ្ឋអាម៉េរិក) ហើយអាច​បង្កើត​ការ​ងារបន្ថែម​ចំនួន ៤៤៩.០០០កន្លែង និងជំរុញការអនុវត្តសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍបញ្ចេញកាបូនតិច។

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថានសូមថ្លែងអំណរគុណ ចំពោះក្រសួង ស្ថាប័ន​​ និងដៃគូនានា រួមមាន៖ កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (ដោយមានការគាំទ្រថវិកាពីសហភាពអឺរ៉ុប ប្រទេសស៊ុយអែត និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ) ចក្រភពអង់គ្លេស ធនាគារពិភពលោក អង្គការស្បៀងអាហារ និងកសិកម្មសហប្រជាជាតិ វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល និងទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ ដែលបានជួយគាំទ្រ និង សហការក្នុងដំណើរការរៀបចំយុទ្ធសាស្រ្តនេះ។ យើងសង្ឃឹមយ៉ាងមុតមាំថាយើងនឹងអាចបង្កើត និង អនុវត្តក្នុងភាពជាដៃគូប្រកបដោយប្រសិទ្ធភាព ដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធ​សាស្រ្ត LTS4CN

ព័ត៌មានលម្អិតអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនអាចទាញយកបានក្នុងតំណភ្ជាប់៖ https://unfccc.int/sites/default/files/resource/KHM_LTS_Dec2021.pdf

  • Share on Social Media