«ការចូលរួមពីអ្នកពាក់ព័ន្ធ ពិសេសវិស័យឯកជន ចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីកសាងសេដ្ឋកិច្ចដែលធន់នឹងអាកាសធាតុ និងបញ្ចេញកាបូនតិច» នេះជាការលើកឡើងរបស់ ឯកឧត្តម ទិន ពន្លក អនុប្រធានទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាវិបស្សនារបស់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3) ចាប់ពីថ្ងៃទី១៦-១៧ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ ដើម្បីពិនិត្យមើលពីវឌ្ឍនភាព ការអនុវត្តកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ សម្រាប់ ឆ្នាំ២០២១ និងទិសដៅផែនការសម្រាប់ ឆ្នាំ២០២២។

ថែ្លងក្នុងសុន្ទរកថាបើក ឯកឧត្តម ទិន ពន្លក បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយកដ្ឋានដែលសម្រចបានលទ្ធផលការងារសំខាន់ៗដូចជា ការរៀបចំផែនការយុទ្ធសាស្រ្តប្រែប្រួលអាកាសធាតុកម្ពុជា ២០១៤-២០២៣ របាយការណ៍បច្ចុប្បន្នភាព២ឆ្នាំម្ដង (BUR) របាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (Updated NDC) ការបញ្រ្ជាបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការយុទ្ធសាស្រ្តតាមវិស័យ ផែនការថវិកានិងផែនការអភិវឌ្ឍន៍ជាតិ ការរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) ដែលគ្រោងនឹងបញ្ចប់នាដំណាច់ឆ្នាំនេះ និងរបាយការណ៍ជាតិលើកទី៣ ដែលគ្រោងនឹងបញ្ចប់នាដើមឆ្នាំ២០២២ ។ ឯកឧត្តម ក៏បានលើកឡើងអំពីទស្សនៈវិស័យវែងឆ្ងាយ និងគោលនយោបាយថ្មីបន្ថែមទៀត ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍធន់នឹងអាកាសធាតុ ដូចជាការរៀបចំផែនការយុទ្ធសាស្រ្តប្រែប្រួលអាកាសធាតុកម្ពុជា និងផែនការយុទ្ធសាស្រ្តសា្តរបៃតងឡើងវិញក្រោយជំងឺកូវីដ-១៩ ការលើកកម្ពស់ការសិក្សាស្រាវជ្រាវ ការកៀរគរថវិកាដើម្បីអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព និងនវានុវត្តន៍។

ឯកឧត្តម បានបញ្ជាក់ថារាល់គម្រោងនីមួយៗគួរវាយតម្លៃស៊ីជម្រៅអំពីសមិទ្ធផល (Outcomes) និងផលប៉ះពាល់ (Impacts) នៃការអនុវត្តទាក់ទងនឹងការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងសកម្មភាពនានា ដោយមិនគ្រាន់តែគិតត្រឹមតែកម្រិតលទ្ធផល (Outputs) នោះទេ។ ការចូលរួមពីវិស័យឯកជនពិតជាមានសារសំខាន់ក្នុងការអនុវត្តគម្រោង និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ឧទាហរណ៍ការអនុវត្តថាមពលកកើតឡើងវិញ ការអនុវត្តកសិកម្មឆ្លាតវៃអាកាសធាតុ និងការអនុវត្តយន្តការកែសម្រួលកាបូនឆ្លងដែនជាដើម។

ឯកឧត្តម បានបន្ថែមទៀតថា ក្នុងនាមជាស្ថាប័នសម្របសម្រួល ជាមួយដៃគូជាតិនិងអន្តរជាតិ ថ្នាក់ដឹកនាំ និងមន្រ្តីនាយកដ្ឋានត្រូវមានចំណេះដឹង ការប្តេជ្ញាចិត្ត ក្រមសីលធម៌ និងជំនាញច្បាស់លាស់ព្រមទាំង កោសល្យប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបន្តកៀរគរធនធានពីគ្រប់ប្រភពទាំងអស់ រួមមានថវិការដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងមូលនិធិអាកាសធាតុនានា រួមទាំងមូលនិធិអាកាសធាតុបៃតង មូលនិធិបន្ស៊ាំជាដើម សម្រាប់គាំទ្រការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្រ្តពាក់ព័ន្ធ។

គូសបព្ជាក់ផងដែរថា សិក្ខាសាលាវិបស្សនារយៈពេលពីរថ្ងៃនេះ ដឹកនាំនិងសម្របសម្រួលដោយ លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ដោយមានការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុ (CCCA) និងមានការចូលរួមពី ថ្នាក់ដឹកនាំនិងមន្រ្តីនាយកដ្ឋានប្រែប្រួលអាកាសធាតុ មន្ត្រីតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងមន្រ្តីCCCA3 សរុបចំនួន ៣៣រូប (ស្រី១១)។ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ មន្រ្តីជំនាញទាំងអស់បានធ្វើទស្សនកិច្ចសិក្សានៅស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដើម្បីសិក្សាស្វែងយល់អំពីបច្ចេកវិទ្យាដំណើរការប្រព្រឹត្តិកម្មទឹកកខ្វក់ ការយកកាកសំណល់ភាគល្អិតចេញពីទឹកកខ្វក់ ការសម្លាប់មេរោគនិងបាត់តេរីផ្សេងៗ ការកែច្នៃកាកសំណល់ និងកិច្ចសហប្រតិបត្តការស្រាវជ្រាវ ដែលសកម្មភាពទាំងនេះរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ការអនុវត្តផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។








  • Share on Social Media