កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ​នៃអគ្គលេខាធិការ​ដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយចីរភាព​ បានដឹកនាំក្រុមការងាររួមមាន ឯកឧត្តមអគ្គលេខាធិការរង តំណាង​នាយកដ្ឋានប្រែប្រួលអាកាសធាតុ និង​នាយកដ្ឋានរដ្ឋបាល ផែនការនិងថវិកា​ ដើម្បីពិភាក្សា​ការងារ​ជាមួយ លោកជំទាវឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ទាក់ទងនឹងការត្រៀម​រៀបចំ​សន្និសីទ​កំពូល​លើកទី២៦ ក្រោមអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ(COP26) ឆ្នាំ២០២០ ដែលប្រទេសអង់គ្លេសធ្វើជាម្ចាស់ផ្ទះ។ លោកជំទាវឯកអគ្គរាជទូត បាន​លើក​ឡើង​អំពី​ជំហរ​របស់​ប្រទេសអង់គ្លេសក្នុងការអនុវត្តការប្តេជ្ញាចិត្តក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ (គោលដៅមិនបញ្ចេញឧស្ម័ន GHG ក្នុងរយៈពេលវែង-Net Zero Emission Target) ក្នុងរបាយការណ៍ NDC។ វិស័យមួយចំនួនដែលអង់គ្លេសគាំទ្ររួមមាន ការអភិវឌ្ឍបៃតង ការបន្ស៊ាំនិងកសាងភាពធន់ ហិរញ្ញប្បទានបៃតង ថាមពលកកើតឡើងវិញ​ ការបង្កើតថាមពលពីសំណល់ និង​ដំណោះស្រាយ​ផ្អែកលើធនធានធម្មជាតិ។ល។

ជាការ​ឆ្លើយតប ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការកសាងគោលនយោបាយ និងផែនការ​យុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ភាព​ជឿជាក់​និង​ការគាំទ្រពីថ្នាក់ដឹកនាំជាន់ខ្ពស់។ ឯកឧត្តមបន្តថា ប្រទេសអង់គ្លេស​បាន​ជួយ​គាំទ្រ​កម្ពុជា​ក្នុង​កិច្ច​ការពារបរិស្ថាន​(ប្រតិភូកម្ពុជា​ក៏បាន​ធ្វើ​ទស្សនកិច្ច​ទៅប្រទេសអង់គ្លេសថ្មីៗនេះ​ដើម្បី​ស្វែងយល់​ពី​​ការគ្រប់គ្រងសំណល់) និងការឆ្លើយតបនឹងប្រែប្រួលអាកាសធាតុ ពិសេស​គាំទ្រ​ដល់​ការរៀបចំ​របាយការណ៍ NDC ដំបូង និង​ការរៀបចំក្របខណ្ឌ​ត្រួតពិនិត្យ​តាមដាន​ការអនុវត្ត​វិធានការ​ឆ្លើយតប​នឹងការប្រែប្រួលអាកាសធាតុ​នៅកម្ពុជា។ ឯកឧត្តម​ក៏បាន​លើកឡើង​ពី​សារ​របស់​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​ក្នុង​ការ​ស្នើ​អង់គ្លេស​ឱ្យ​ពិចារណា​អំពី​ការទិញកាបូនពីកម្ពុជាក្នុងតម្លៃសមរម្យ និងគាំទ្រឧស្សាហកម្មឈើដែលមាន​និរន្តរភាព ដើម្បី​ចូលរួម​បង្កើតការងារនិងការពារបរិស្ថាន។


ជាមួយ​គ្នានោះដែរ ឯកឧត្តម ស៊ុំធី អគ្គលេខាធិការរង​ និងជា​ប្រធានក្រុមការងាររងអាស៊ានស្តីពី​ការប្រែប្រួល​អាកាសធាតុ បានលើកឡើងពីតួនាទី​របស់ប្រធាន និងវឌ្ឍនភាពផែនការ​សកម្មភាព​ការងារ​រយៈពេល​បីឆ្នាំ (២០២០-២០២២) និងការសម្របសម្រួលការងារជាមួយប្រទេសវៀតណាម និងប្រទេសថៃ ក្នុងការរៀបចំសេចក្តី​ព្រាងថ្លែងការរួមពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ និងផែនការការងាររបស់ក្រុមការងារ​ប្រែប្រួលអាកាសធាតុអាស៊ាន ។ ប្រទេស​វៀតណាម​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​រៀបចំកិច្ចប្រជុំត្រៀមនៅចុងខែមេសាខាងមុខ​ ដើម្បី​រៀបចំសេចក្តី​ព្រាងសេចក្តី​ថ្លែងការ​រួម​សម្រាប់សន្និសីទកំពូល​លើកទី២៦ និងផែនការការងាររបស់ក្រុមការងារ​ប្រែប្រួលអាកាសធាតុអាស៊ាន ហើយ​ប្រទេស​ថៃនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំផ្លូវការនៅក្នុងខែមិថុនា ឬកក្កដា ឆ្នាំ២០២០ ដើម្បី​ពិនិត្យ​​បញ្ចប់​លើ​សេចក្តីព្រាងថ្លែងការរួមអាស៊ាននេះផងដែរ៕

  • Share on Social Media