ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថានបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីសំណើសុំកែប្រែអត្រាពន្ធគយលើការនាំចូលយានយន្ត កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (GSSD) ដើម្បីអនុម័តលើសំណើសុំកែប្រែអត្រាពន្ធគយលើការនាំចូលយានយន្ត ដោយផ្អែកតាមរបាយការណ៍សិក្សាវាយតម្លៃបទប្បញ្ញត្តិ និងគោលនយោបាយសារពើពន្ធសម្រាប់យានយន្តដឹកជញ្ជូនផ្លូវគោកក្នុងប្រទេសកម្ពុជា។ របាយការណ៍នេះ ណែនាំឱ្យមានវិធានការណ៍ បទប្បញ្ញត្តិ និងសារពើពន្ធដែលអាចជំរុញសក្តានុពលអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជាក្នុងការទិញយានយន្ត ដែលមានម៉ាស៊ីនតូចជាងមុន និងបំពាក់ដោយបច្ចេកវិទ្យាម៉ាស៊ីនស្អាត។
សេណារីយ៉ូមួយក្នុងចំណោមសេណារីយ៉ូទាំងអស់ត្រូវបានជ្រើសរើសចេញពីកិច្ចប្រជុំ ហើយនឹងត្រូវដាក់ជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីសុំការអនុម័ត៕