ទីក្រុង​ម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង​ជាប្រធាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​​រដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដឹកនាំប្រតិភូអន្តរក្រសួងកម្ពុជា មកពីក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងដែនដីនគររូបនីយកម្ម និងសំណង់  ក្រសួងកិច្ចការនារី និង​អគ្គលេខាធិការដ្ឋាន​​​​ក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍ដោយចីរភាព ចូលរួម និងថ្លែងសុន្ទរកថាក្នុងសន្និសីទលើកទី២៥ នៃ​អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP25) នៅទីក្រុងម៉ាឌ្រីដ នៃ​ព្រះរាជាណាចក្រ​អេស្ប៉ាញ។  សន្និសីទនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់១៣ ខែធ្នូ ឆ្នាំ២០១៩ ដោយមានប្រតិភូចូលរួមប្រមាណ ២៦០០០​នាក់​ មកពីជិត​២០០ប្រទេស ដៃគូអភិវឌ្ឍន៍ អង្គការមិនមែន​អន្តរដ្ឋា​ភិបាល និងវិស័យ​ឯកជន។ 

ក្នុងឱកាសថ្លែងសុន្ទរកថា​ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាមានការព្រួយបារម្ភយ៉ាង​ខ្លាំង​អំពី​ឥទ្ធិពល​នៃ​ការប្រែប្រួល​អាកាសធាតុ ជាពិសេសភស្តុតាងវិទ្យាសាស្រ្ត ដែលបានបង្ហាញដោយក្រុមប្រឹក្សាអន្តររដ្ឋាភិបាល ស្តីពី​ការប្រែប្រួល​អាកាសធាតុ។ 

ឯកឧត្តម​បាន​ជម្រាបអង្គសន្និសីទថា សន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ចដោយចីរភាព ព្រម​ទាំង​ការយល់ដឹង​កាន់​តែច្បាស់​អំពី​បរិស្ថាន និងការប្រែប្រួលអាកាសធាតុរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជន គឺ​ជា​កត្តា​ចាំបាច់​ដែល​អនុញ្ញាត​ឱ្យរាជរដ្ឋាភិបាលអនុវត្តសកម្មភាពឆ្លើយតបនឹងប្រែប្រួលអាកាសធាតុដោយជោគជ័យ។

ឯកឧត្តម​បានជម្រាបដល់សន្និសីទអំពីសមិទ្ធិផល និងវឌ្ឍនភាព ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាន ដូចជា​ការបញ្ជ្រាប​យ៉ាងស៊ីជម្រៅនៃការប្រែប្រួលអាកាសធាតុទៅក្នុងផែនការតាមវិស័យ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការបង្កើន​ភាគរយ​នៃការផលិតអគ្គិសនីពីថាមពលកកើតឡើងវិញ ជាពិសេសថាមពលពន្លឺព្រះអាទិត្យ ការទទួល​បាន​ប្រាក់​ចំណូល​ពី​កម្មវិធីព្រៃឈើ REDD+ ការកសាងហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងការប្រែប្រួលអាកាសធាតុ។ល។ ស្ថាប័នមួយរបស់កម្ពុជា ដែល​​មានឈ្មោះថា គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់​ក្រោម​ជាតិ ក៏​បាន​ទទួល​ស្គាល់​ដោយ មូលនិធិអាកាសធាតុបៃតង (Green Climate Fund) ជាអង្គភាពអនុវត្តគម្រោង ដែល​មាន​សមត្ថភាព​ទទួល​ហិរញ្ញប្បទានផ្ទាល់សម្រាប់អនុវត្តគម្រោង។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី បាន​អំពាវនាវ​ដល់​ប្រទេស​អភិវឌ្ឍន៍​បង្កើន​ការផ្តល់​ថវិកា​ហិរញ្ញវត្ថុ​នៅ​ក្រោម​មូលនិធិ​អាកាសធាតុ​បៃតង មូលនិធិសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (Least Development Countries Fund-LDCF) និង​មូល​និធិបន្ស៊ាំ (Adaptation Fund) ព្រមទាំងស្នើសុំឱ្យក្រុមប្រឹក្សានៃមូលនិធិអាកាសធាតុបៃតង ពង្រីក​ការគាំទ្រ​បណ្តា​គម្រោង​បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ដើម្បីរួមចំណែកសម្រេចបានគោលដៅយុទ្ធសាស្ត្រឆ្នាំ២០៣០ ដែល​ជាផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុងប៉ារីស៕

កម្រងរូបភាព

  • Share on Social Media