នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០  អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពសហការជាមួយ អគ្គនាយកដ្ឋាន​ចំណេះដឹង​និង​ព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថាន បានរៀបចំយុទ្ធនាការផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមនិងទូរទស្សន៍ ដើម្បី​អបអរសាទរ​ទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ឆ្នាំ ២០២០ ក្រោមប្រធានបទ​“ធម្មជាតិគឺ​ជា​ដំណោះស្រាយ​នៃ​បញ្ហា​របស់​យើង”។

ប្លែកពីការប្រារព្ធកម្មវិធីនៅទីវាលដូចបណ្ដាឆ្នាំកន្លងមក ក្នុងន័យដើម្បីទប់ស្កាត់ការចម្លងជំងឺCOVID-19  ដែល​កំពុង​តែ​បន្ត​រីករាល​ដាល​នៅ​ទូទាំងពិភពលោកទិវាជីវៈចម្រុះអន្តរជាតិឆ្នាំ២០២០ នេះ ត្រូវបាន​រៀបចំ​ជាលក្ខណៈ​វេទិកា​ជជែក​ពិភាក្សា​និង​ផ្សព្វផ្សាយតាមបណ្តាញសង្គម និងទូរទស្សន៍ដោយបានលើកយកចំណុចសំខាន់ៗចំនួន៣ មកពិភាក្សារួមមាន៖ ១)កិច្ចសហប្រតិបត្តិការនិងការរៀបចំគោលនយោបាយ និងច្បាប់ជាតិពាក់ព័ន្ធនឹងជីវៈចម្រុះ ២)ហិរញ្ញប្បទាន​នវានុវត្តិ​ដើម្បី​អភិរក្សជីវៈចម្រុះ (PES) និង  ៣)សារៈសំខាន់នៃការចូលរួមរបស់សហគមន៍តំបន់ការពារធម្មជាតិលើកិច្ចការអភិរក្សជីវៈចម្រុះ និង​ដោយមាន ការចូលរួមពីវាគ្មិនមកពីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អគ្គនាយកដ្ឋាន​សហគមន៍មូលដ្ឋាន​​និង​អគ្គនាយកដ្ឋាន ចំណេះដឹង​និងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថាន។

សូមជម្រាបផងដែរថា ការប្រារព្ធទិវានេះ គឺបានបង្ហាញពីឆន្ទៈ របស់​រាជរដ្ឋាភិបាលកម្ពុជា​ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាលទី៤​ គោលនយោបាយរបស់ក្រសួងបរិស្ថាន ក៏ដូចជា​ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ក្នុង​ការចូលរួម​ចំណែក​យ៉ាង​សកម្មលើការគ្រប់គ្រងធនធានជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ី និង​ក៏បានបង្ហាញ​ពី​កិច្ចខិតខំប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​​ក្នុងការអនុវត្តអនុសញ្ញាសហប្រជាជាតិ ស្តីពីជីវៈចម្រុះ (UN-CBD) ក្នុងនាមជាប្រទេសហត្ថលេខី ។ វេទិកា​ជជែក​ពិភាក្សា​សម្រាប់អបអរសាទរទិវានេះ  ក៏បានរួមចំណែកបង្កើនចំណេះដឹងដល់សាធារណជន និង​លើកទឹកចិត្ត​ឱ្យ​មាន​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ​ទាំង អស់ឱ្យរួមចំណែកក្នុងការអភិរក្សធនធានជីវៈចម្រុះ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជន។

សម្រាប់ឆ្នាំ២០២០នេះ គឺជាឆ្នាំទី៧ នៃការប្រារព្ធទិវាជីវៈចម្រុះ អន្តរជាតិ២២ ឧសភា ហើយក៏មានការចូលរួមពីបណ្តាមន្ទីរបរិស្ថាន រាជធានី/ខេត្ត ចំនួន៧រួមមាន ៖ រាជធានីភ្នំពេញ ខេត្តសៀមរាប កណ្តាល មណ្ឌលគិរី ពោធិ៍សាត់ កោះកុង និង ខេត្តកែបផងដែរ  ដើម្បីរួមគ្នាអបអរសាទរទិវាជីវ:ចម្រុះអន្តរជាតិនេះ ក្នុងពេលតែមួយ ដោយ​បាន​រៀបចំ​និង​ចង​បដាពាក្យ​ស្លោក​សម្រាប់​ផ្សព្វផ្សាយ​នៅ​តាម​ទីប្រជុំជន និងទីសាធារណៈនានា។

សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម ដើម្បីទស្សនាយុទ្ធនាការ៖

1/. https://youtu.be/aMAM2lBilq4

2/. https://youtu.be/U5EcGLKds_E

3/. https://youtu.be/6eDUdVplxaM

  • Share on Social Media