រាជធានីភ្នំពេញ៖ នៅថ្ងៃ ចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានរៀបចំវគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋានស្តីពីការពង្រឹងអភិបាលកិច្ចនៃហិរញ្ញវត្ថុការប្រែប្រួលអាកាសធាតុ ដើម្បីពង្រឹងសមភាពយេនឌ័រសម្រាប់ថ្នាក់បច្ចេកទេស ក្រោមអធិបតីភាព ឯកឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីមន្រ្តីថ្នាក់បច្ចេកទេស/អ្នកបច្ចេកទេសនៃក្រសួងសាធារណៈការនិងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ត្រីថ្នាក់ខេត្ត។
គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីផ្តល់នូវចំណេះដឹង និងចំណេះធ្វើ ដូចជា៖
- ការប្រែប្រួលអាកាសធាតុ និងយេនឌ័រ
- កត្តាជំរុញនៃការប្រែប្រួលអាកាសធាតុ និងសមភាពយេនឌ័រ
- ការបន្សាំនិងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ
- ទំនាក់ទំនងរវាងការប្រែប្រួលអាកាសធាតុ និងយេនឌ័រ
- របៀបដែលគោលនយោបាយសាធារណៈអាចមានឥទ្ធិពលដល់ការប្រែប្រួលអាកាសធាតុ និងរបៀបដែលការប្រែប្រួលអាកាសធាតុអាចមានឥទ្ធិពលដល់គោលនយោបាយសាធារណៈ
- របៀបដែលការប្រែប្រួលអាកាសធាតុអាចមានឥទ្ធិពលដល់ប្រសិទ្ធភាពនៃគោលនយោបាយសាធារណៈ និងរបៀបដែលប្រសិទ្ធភាពនៃគោលនយោបាយសាធារណៈអាចមានឥទ្ធិពលដល់ការប្រែប្រួលអាកាសធាតុ
- ប្រភពនិងយុទ្ធសាស្ត្រស្របគ្នាផ្សេងៗនៃហិរញ្ញវត្ថុអាកាសធាតុថ្នាក់ជាតិ និងអន្តរជាតិ
- ធាតុសំខាន់ៗនៃផែនការជាតិនិងវដ្តថវិកា
- ចំណុចចាប់ផ្តើមសម្រាប់ការបញ្ចូលហិរញ្ញវត្ថុអាកាសធាតុទៅក្នុងផែនការជាតិ និងដំណើរការរៀបចំថវិកា និង
- ទំនាក់ទំនងក្របខ័ណ្ឌហិរញ្ញប្បទានការប្រែប្រួលអាកាសធាតុរបស់ប្រទេសកម្ពុជា។
គួរបញ្ជាក់ថា សិក្ខាសាលានេះធ្វើឡើងរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ដល់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩៕