ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ មន្ដ្រីបច្ចេកទេសនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ដ្រ បានចូលរួមសន្និសីទអន្តរជាតិសហគមន៍ដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់សូន្យនៅតំបន់អាស៊ី ដើម្បីលើកកម្ពស់យន្តការឥណទានកាបូនរួមគ្នា និងអភិវឌ្ឍទីផ្សារកាបូន (Asia Zero Emission Community International Conference to Promote JCM and Develop Carbon Markets) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ សន្និសីទអន្តរជាតិនេះរៀបចំឡើងដោយក្រសួងបរិស្ថានជប៉ុន សហការជាមួយក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម គាំទ្រដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីខាងកើត (ERIA) ដោយមានសមាសភាពចូលរួមអញ្ជើញជាមន្ត្រីរាជរដ្ឋាភិបាលក្រសួងបរិស្ថាន ក្រសួងថាមពល ក្រសួងធនធានធម្មជាតិនិងបរិស្ថាន នៃប្រទេសឡាវ ឥណ្ឌូនេស៊ី ព្រុយនេ ថៃ ឡាវ វៀតណាម ហ្វីលីពីន សិង្ហបុរី ជប៉ុន និងប្រទេសកម្ពុជា សរុប ៤៥រូប។ 

គោលបំណងនៃកិច្ចប្រជុំនេះដើម្បីតាមដានទៅលើវឌ្ឍនភាពការងារដូចខាងក្រោម ៖

  1. ដំណើរការនៃយន្តការឥណទានកាបូនរួមគ្នា 
  2. ការអភិវឌ្ឍលើទីផ្សារកាបូនរបស់ប្រទេសជាដៃគូ 
  3. ទំនាក់ទំនងរវាងទីផ្សារថាមពល និងទីផ្សារកាបូន
  4. ដំណើរការអនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស
  5. កិច្ចសហប្រតិបត្តិការតំបន់ដែលអាចធ្វើបានរួមគ្នា (កិច្ចសហការរវាងយន្តការឥណទានកាបូនរួមគ្នា ការធ្វើពាណិជ្ជកម្មឥណទានកាបូនរួមគ្នា...) 

ជាលទ្ធផល ៖ 

  • ប្រទេសនីមួយៗបានបង្ហាញពីកិច្ចសហការល្អជាមួយប្រទេសជប៉ុន លើការអនុវត្តយន្តការឥណទានកាបូនរួមគ្នា (JCM) ជាផ្នែកចូលរួមយ៉ាងសំខាន់របស់សហគមន៍ដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់សូន្យនៅតំបន់អាស៊ី ដើម្បីឈានទៅសម្រេចគោលដៅ NDCs របស់ប្រទេសរៀងខ្លួន
  • ភាពលេចធ្លោរបស់ប្រទេសថៃ គឺមានស្ថាប័នរដ្ឋាភិបាលគ្រប់គ្រងឧស្ម័នផ្ទះកញ្ចក់ (TGO) ដែលបានបង្កើតប្រព័ន្ធតាមដានគម្រោងក្រុមហ៊ុនឯកជនដែលចូលរួមកាត់បន្ថយការបញ្ចេញផ្ទះកញ្ចក់ ជាពិសេសទាក់ទងនឹងមាត្រា៦ (Article 6) មុនគេបង្អស់ ព្រមទាំងបានបង្កើតកម្មវិធី T-VER (Thailand Voluntary Emission Reduction Program) ដែលមានស្តង់ដាចំនួន ២គឺ Standard  និង Premium Standard ជាយន្តការផ្តល់ឥណទានដោយស្ម័គ្រចិត្ត ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅក្នុងប្រទេសថៃ។ សូមបញ្ជាក់ថា ប្រទេសថៃមិនបានរៀបចំសៀវភៅ ឬគោលការណ៍ណែនាំអ្វីទាំងអស់ គឺអនុវត្តបណ្តើររៀនសូត្របណ្តើរ។
  • ក្រោយពីបង្ហាញនូវសមិទ្ធផលនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាឆន្ទៈដែលកម្ពុជាបានដាក់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប្រមាណ ៤១,៧% ត្រឹមឆ្នាំ ២០៣០ តាមរយៈការៀបចំស្ថាប័ន របាយការណ៍បច្ចុប្បន្នភាពស្តីពីការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (Updated NDC)ផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន គោលការណ៍ណែនាំសម្រាប់ការអនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា ក្រមបរិស្ថាននិងធនធានធម្មជាតិ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល គឺទទួលបានការចាប់អារម្មណ៍ពីប្រទេសដៃគូ ដែលមាន IGES សហការជាមួយ UNFCCC នឹងផ្តល់ជំនួយគាំទ្រដូចជា ៖ វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីរាជការ ឬក្រុមហ៊ុនឯកជន ការរៀបចំប្រព័ន្ធចុះបញ្ជីថ្នាក់ជាតិ វគ្គបណ្តុះបណ្តាលទាក់ទងនឹងមាត្រា៦ ម៉ូឌែលក្នុងការធ្វើសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ ជាដើម ដើម្បីប្រែក្លាយពីគោលនយោបាយទៅជាការអនុវត្តជាក់ស្តែង។ 
  • ប្រទេសនីមួយៗសុទ្ធតែមានគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងប្រព័ន្ធតាមដាន ឆ្ពោះទៅអាព្យាក្រឹតកាបូនរបស់ទៅតាមការបេ្តជ្ញាចិត្ត និងបរិបទប្រទេសរៀងខ្លួន ដូច្នេះកិច្ចសហការរវាងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍គឺពិតជាមានសារៈសំខាន់ក្នុងការបង្កើនទំនាក់ទំនងនឹងគ្នាយ៉ាងជិតស្និត ក្នុងការចែករំលែកនូវអ្វីដែលជាឧបសគ្គ ឬដំណោះស្រាយ ដើម្បីក្លាយជាសហគមន៍ដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់សូន្យនៅតំបន់អាស៊ី តាមរយៈការលើកកម្ពស់យន្តការឥណទានកាបូនរួមគ្នា និងអភិវឌ្ឍទីផ្សារកាបូន។







  • Share on Social Media