រាជធានីភ្នំពេញ៖ នាយកដ្ឋាន​ជីវៈចម្រុះ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព (ក.ជ.អ.ច.) នៅ​ថ្ងៃ ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២០ បាន​រៀបចំ​វេទិកា​កេសរកូល​លើកទី១ នៅ​កម្ពុជា  និង​ពិធី​ចុះហត្ថលេខា​លើ អនុស្សរណៈ​យោគយល់​ស្តីពី​កិច្ច​សហប្រតិបត្តិការ​រវាង​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាជាតិ​អភិវឌ្ឍន៍ ដោយ​ចីរភាព-ក្រសួងបរិស្ថាន និង​សារមន្ទីរ​ប្រវត្តិសាស្រ្ត​ធម្មជាតិ​ទីក្រុង​ប៉ារីស នៅ​ទីស្ដីការ​ក្រសួង​​បរិស្ថាន។

ពិធី​នេះ​រៀបចំ​ឡើង​ក្រោម​អធិបតីភាព​ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និង​ជា តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ប្រធាន ​ក.ជ.អ.ច. និង​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដោយ មាន​ការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន ស្ថានទូត អង្គការ​ដៃគូ វិស័យ​ឯកជន អ្នក​ជំនាញ​ជាតិ និង​អន្តរជាតិ សាធារណជន សិស្ស និស្សិត និងអ្នកពាក់ព័ន្ធប្រមាណ៥០០នាក់។

វេទិកា​កេសរកូល​រៀបចំ​ឡើង​ក្នុង​គោលបំណង ៖ ១. បំផុស​គំនិត​សាធារណជន​ឱ្យ​ស្រឡាញ់ និង​អភិរក្ស កេសរកូល ២. ពង្រឹង​ភាព​ជា​ដៃគូ និង​ផ្សារភ្ជាប់​បណ្ដាញ​អ្នកសិក្សាស្រាវជ្រាវ កេសរកូល​នៅកម្ពុជា ៣. លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ តាមរយៈ​ទេសចរណ៍ ធម្មជាតិ និង​កម្មវិធី​នានា របស់មជ្ឈមណ្ឌល ស្រាវជ្រាវ និង​អភិរក្ស​កេសរកូល សុខ អាន ភ្នំគូលែន។

សូម​ជម្រាប​ផង​ដែរ​ថា ក្រុម​និស្សិត និង​សាធារណជន ក៏​បាន​ចូល​រួម​ទស្សនា និង​ស្ដាប់​ការ​បង្ហាញ​ពី​ការ អនុវត្ត​ការងារ​របស់​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៅ​លើ​ជញ្ជាំង (Corridor) ផងដែរ៕

កម្រងរូបភាព

  • Share on Social Media