នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយកដ្ឋានជីវៈចម្រុះ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានរៀបចំសិក្ខាសាលាស្ដីពី “ការបញ្ជ្រាបយុទ្ធសាស្រ្ត និងផែនការសកម្មភាពជាតិស្តីពីជីវៈចម្រុះ លើការងារអភិរក្សក្រៅដែនធម្មជាតិ” នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម និងវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម។ សិក្ខាសាលាទាំងពីរនេះដឹកនាំដោយលោក ម៉េង មុនីរក្ស ប្រធាននាយកដ្ឋានជីវៈចម្រុះ និងមានការចូលរួមពីឯកឧត្តម សួន សេរី នាយកវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម លោកនាយករងវិទ្យាល័យព្រះសីហនុ លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិត សរុបប្រមាណ ៩៥ នាក់។
គោលបំណងនៃសិក្ខាសាលានេះគឺដើម្បី ១) បញ្ជ្រាបគោលនយោបាយ យុទ្ធសាស្រ្ត ផែនការ និងសកម្មភាពស្តីពីជីវៈចម្រុះ លើការងារអភិរក្សក្រៅដែនធម្មជាតិ ២) បញ្ជ្រាបពីការរៀបចំសារៈមន្ទីរប្រវត្តិសាស្រ្តធម្មជាតិភ្នំពេញ និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ៣) ពង្រឹងការយល់ដឹងពីវិធីសាស្រ្ត នៃប្រមូលសំណាក ស្រាវជ្រាវ និងអភិរក្ស ៤) បញ្ជ្រាបការយល់ដឹងអំពីកេសរកូលព្រៃបន្ថែមក្នុងតំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា ដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី ពីចំណេះដឹង និងព័ត៌មានថ្មីៗបន្ថែមទៀត ដើម្បីឱ្យពួកគេចូលរួមថែរក្សា ការពារ អភិរក្ស និងចែករំលែកនូវព័ត៌មានទាំងនោះទៅដល់មិត្តភក្តិ ក៏ដូចជាសហគមន៍ដែលគេរស់នៅ។
ជាលទ្ធផលសិកា្ខសាលាទាំងពីរនេះ ទទួលបាននូវការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់សិស្សានុសិស្ស ដោយពួកគេបានលើកឡើងនូវសំណួរ និងចូលរួមពិភាក្សាពាក់ព័ន្ធទៅនឹងការអភិរក្សជីវៈចម្រុះ តួនាទី មុខងារ និងអត្ថប្រយោជន៍។