នាយកដ្ឋានជីវៈចម្រុះនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) ក្រោម ជំនួយឧបត្ថម្ភពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៩ បាន រៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី “ ការត្រួតពិនិត្យស្ថាប័ន និងគោលនយោបាយហិរញ្ញវត្ថុ ជីវៈចម្រុះ ការត្រួតពិនិត្យការចំណាយលើផ្នែកជីវៈចម្រុះ និងការវាយតម្លៃតម្រូវការហិរញ្ញវត្ថុ ” នៅ សណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ។
សិក្ខាសាលាពិគ្រោះយោបល់នេះ ប្រារព្ធទៅក្រោមអធិបតីភាព ឯកឧត្ដម ទិន ពន្លក អគ្គលេខាធិការនៃ ក.ជ.អ.ច និង មានការចូលរួមពីថ្នាក់ដឹកនាំ អ.ក.អ.ច. ក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័ន អង្គការ និង អ្នកពាក់ព័ន្ធ ចំនួនប្រមាណ ៥០រូប ក្នុងគោលបំណង ដើម្បី៖ ១. ធ្វើបទបង្ហាញលើពង្រាង របាយការណ៍ លើកទី១ នៃការត្រួតពិនិត្យ វាយតម្លៃស្ថាប័ន និងគោលនយោបាយហិរញ្ញវត្ថុជីវៈចម្រុះ(PIR) របស់ គម្រោង BIOFIN ដល់អ្នកទទួលផល និងអ្នកពាក់ព័ន្ធនានា និងប្រមូលនូវធាតុចូលសម្រាប់កែសម្រួល របាយការណ៍ ២. ណែនាំអំពីវិធីសាស្ត្រវាយតម្លៃ ការត្រួតពិនិត្យលើការចំណាយផ្នែកជីវៈចម្រុះ(BER) របស់គម្រោង BIOFIN ទៅកាន់អ្នកពាក់ព័ន្ធនានា និងប្រមូលនូវធាតុចូល ៣. ណែនាំអំពីវិធីសាស្ត្រវាយតម្លៃតម្រូវការហិរញ្ញវត្ថុ (FNA) របស់គម្រោង BIOFIN ទៅកាន់អ្នកពាក់ព័ន្ធនានា និង ប្រមូលនូវធាតុចូល។
សូមជម្រាបផងដែរថា សិក្ខាសាលានេះ ដឹកនាំដោយលោកជំទាវ ចាន់ សុម៉ាលី អគ្គលេខាធិការរង នៃ ក.ជ.អ.ច. និងជាជនបង្គោលនៃគម្រោង BIOFIN ដោយផ្ដោតលើប្រធានបទសំខាន់ៗ រួមមាន៖ ១. ការណែនាំអំពីគម្រោងគំនិតផ្ដួចផ្ដើមហិរញ្ញវត្ថុជីវៈចម្រុះ (BIOFIN) និងបទបង្ហាញស្តីពីពង្រាងរបាយការណ៍ការត្រួតពិនិត្យ ស្ថាប័ន និងគោលនយោបាយហិរញ្ញវត្ថុជីវៈចម្រុះ(PIR) និង ២. ការពិគ្រោះយោបល់ស្តីពី វិធីសាស្ត្រវាយតម្លៃរបស់គម្រោង BIOFIN សម្រាប់ការត្រួតពិនិត្យអំពីការចំណាយលើផ្នែកជីវៈចម្រុះ (BER) និងការវាយតម្លៃតម្រូវការហិរញ្ញវត្ថុ (FNA)៕