ឯកឧត្ដម ទិន ពន្លក អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. និងជាប្រធានក្រុមការងារបច្ចេកទេសជីវៈចម្រុះ នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំលើកទី ២ នៃ ក្រុមការងារបច្ចេកទេសជីវៈចម្រុះ នៅភោជនីយដ្ឋានទន្លេបាសាក់ ២ រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះរៀបចំដោយ នាយកដ្ឋានជីវៈចម្រុះ នៃ អ.ក.អ.ច. ក្រោមការគាំទ្រពីគម្រោង កាំប៉ាស់ (CAMPAS) ដោយមានការចូលរួមពីសមាជិកក្រុមការងារបច្ចេកទេសជីវៈចម្រុះ ដែលអញ្ជើញមកពី តំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងអ្នកពាក់ព័ន្ធចំនួន ៤០រូប។
ក្រោមការដឹកនាំអង្គប្រជុំ ដោយ លោកជំទាវ ចាន់ សុម៉ាលី អគ្គលេខាធិការរង នៃ អ.ក.អ.ច. ក្រុមការងារ បច្ចេកទេសបានពិភាក្សា និងផ្ដល់អនុសាសន៍លើបញ្ហាប្រឈមនានា ក្នុងការគ្រប់គ្រងធនធាន ធម្មជាតិ និងអភិរក្សជីវៈចម្រុះ ដោយផ្តោតសំខាន់លើប្រធានបទសំខាន់ៗ រួមមាន៖ ១. បញ្ហាប្រឈម និងដំណោះស្រាយដែលកំពុងកើតមានក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តមណ្ឌលគិរី និងបញ្ហាអន្ទាក់ ២. ការទប់ស្កាត់ការជួញដូរសត្វព្រៃ និងរុក្ខជាតិព្រៃនៅកម្ពុជា និង ៣.ការសិក្សាវាយតម្លៃប្រព័ន្ធអេកូឡូស៊ីនៅប្រទេសកម្ពុជា៕