នាព្រឹកថ្ងៃសុក្រ ៥ រោចខែផល្គុន ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នៅសណ្ឋាគារ រ៉ាសហ្វលឡឺរ៉ូយាល់ រាជធានីភ្នំពេញ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៣ នៃគម្រោង «ជំរុញបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព» ក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន (ក.ជ.អ.ច.) ដោយមានការចូលរួមពីតំណាងដៃគូអនុវត្តគម្រោងមកពីនាយកដ្ឋាន នៃអគ្គនាយកដ្ឋាន នៃក្រសួងបរិស្ថានក្នុងនោះមានដូចជានាយកដ្ឋានជីវៈចម្រុះ នាយកដ្ឋានសេដ្ឋកិច្ចបៃតង នាយកដ្ឋានគ្រប់គ្រងសំណល់រឹង និងនាយកដ្ឋានជីវភាពសហគមន៍ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន តំណាងមកពីក្រសួងរ៉ែ និងថាមពល តំណាងមកពីគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (NCDD) ព្រមទំាងតំណាងមកពីកម្មវិធីអភិវឌ្ឍន៍សហប្រជាតិជាតិ (UNDP) ដែលមានអ្នកចូលរួមសរុប៣០នាក់។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពរបស់គម្រោង បញ្ហាប្រឈម និងអនុម័តលើការកែសម្រួលផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ២០២០។
អង្គប្រជុំបានជំរុញឱ្យស្ថាប័នទទួលបន្ទុកទាំងអស់ខិតខំរៀបចំ និងអនុវត្តគម្រោងសាកល្បងដែលមានលក្ខណៈនវានុវត្ត ពាក់ព័ន្ធនឹងការគ្រប់គ្រងទីជំរាល ការគ្រប់គ្រងសំណល់រឹង និងការផ្គត់ផ្គង់អគ្គិសនីផលិតពីប្រភពថាមពលពន្លឺព្រះអាទិត្យសម្រាប់តំបន់ដាច់ស្រយាល ដើម្បីជាគម្រូសម្រាប់ពង្រីកការអនុវត្តឱ្យបានកាន់តែទូលំទូលាយ៕