រាជធានីភ្នំពេញ នៅថ្ងៃសុក្រ ១១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពក.ជ.អ.ច.បានរៀបចំ “ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវការនូវគេហទំព័រក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងប្រព័ន្ធចំណេះដឹងស្តីពីការប្រែប្រួលអាកាសធាតុ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអ៊ាង សុផល្លែតរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានទី២នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដោយមានការចូលរួមពីគ្រប់ភាគីអ្នកពាក់ព័ន្ធ រួមមាន ក្រសួងតាមវិស័យ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ គ្រឹះស្ថានអប់រំ និងអ្នកសារព័ត៌។
ក្នុងឱកាសនោះដែរ ឯកឧត្តម ទិន ពន្លកអគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានជម្រាបជូនអ្នកចូលរួមនូវកម្រងព័ត៌មានដែលពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ សេដ្ឋកិច្ចបៃតង វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលសាធារណជនអាចរកបានលើគេហទំព័រផ្លូវការនេះ។
លោក ហ្វ្រង់គ័ វីយោ (Mr. Franck VIAULT) អគ្គទីប្រឹក្សា និងជាប្រធានផ្នែកសហប្រតិបត្តិការ ប្រតិភូនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃការបង្កើតឱ្យមានគេហទំព័រផ្លូវការរបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព(http://ncsd.moe.gov.kh/)និងជាផ្នែកដ៏សំខាន់ក្នុងការចែករំលែកចំណេះដឹង ព័ត៌មាន និងឯកសារនានាដែលសាធារណជនត្រូវការ។ លោកក៏បានបញ្ជាក់ជាថ្មីថា សហភាពអឺរ៉ុបបានបន្តគាំទ្រចំពោះកម្មវិធីសម្ព័ន្ធប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ ដើម្បីធានាដល់ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការពង្រឹងសមត្ថភាពស្ថាប័ន និងការចែករំលែក ចំណេះដឹងឱ្យបានទូលំទូលាយ។ សហភាពអឺរ៉ុបបានបង្កើនមហិច្ឆតារបស់ខ្លួនក្នុងការកាត់បន្ថយឧស្ម័នផ្ទះ កញ្ចក់ឱ្យដល់កម្រិតសូន្យ (Zero GHGs Emission) ក្នុងរយៈពេល៣០ឆ្នាំ។
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. ជាពិសេស នាយកដ្ឋានប្រែប្រួលអាកាសធាតុ និងកម្មវិធីCCCA ដែលបានគាំទ្រការបង្កើតគេហទំព័រផ្លូវការនេះប្រកបដោយជោគជ័យ និងបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ។
សូមបញ្ជាក់ថា គេហទំព័រក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព គឺជាគេហទំព័រផ្លូវការនៃស្ថាប័នរៀបចំគោលនយោបាយដែលផ្តោតលើគោលនយោបាយ និងយុទ្ធសាស្រ្តពាក់ព័ន្ធការអភិវឌ្ឍដោយចីរភាព ឯកសារចំណេះដឹង ប្រព័ន្ធចំណេះដឹង និងទិន្នន័យប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ សេដ្ឋកិច្ចបៃត វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអនុវត្តល្អ និងព័ត៌មានព្រឹត្តិការណ៍ថ្មីៗ របស់ក.ជ.អ.ច.ផងដែរ៕