ខេត្តសៀមរាប៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ក្រសួងបរិស្ថានក្រោមគម្រោង ការជំរុញបរិយកាសអំណោយផល សម្រាប់ការអភិវឌ្ឍន៍ដោយចីរភាពនៅកម្ពុជា បានរៀបចំយុទ្ធនាការដាំកូនឈើជាលក្ខណៈទ្រង់ទ្រាយធំនៅមជ្ឃមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន។ ពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួង បរិស្ថាន ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប និងការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខធិការក្រសួងបរិស្ថាន លោកស្រី Sonali Dayaratne អនុប្រធានតំណាងប្រទេសនៃយូអិនឌីភីប្រចំាកម្ពុជា ឯកឧត្តម លោក លោកស្រីតំណាងអគ្គនាយដ្ឋាន និងនាយកដ្ឋាននៃក្រសួងបរិស្ថាន អាជ្ញាធរដែនដី និងមន្ត្រីឧទ្យាននុរក្ស ប្រមាណ២៧០រូប។
ថ្លែងក្នុងឱកាសនោះផងដែរ លោកស្រី Sonali Dayaratne បានថ្លែអំណរគុណចំពោះក្រសួងបរិស្ថាន តាមរយៈគម្រោង ការជំរុញបរិយកាសអំណោយផល សម្រាប់ការអភិវឌ្ឍន៍ដោយចីរភាពនៅកម្ពុជា ដែលបានរៀបចំពិធីដ៏មានសារៈសំខាន់នេះឡើង។ លោកស្រី បានមានប្រសាសន៍ថា តំបន់ភ្នំគូលែនគឺជាអតីតដែនដីអរិច្ឋរយៈនៃអាណាចក្រខ្មែរ ដែលបានបន្សល់ទុកនូវប្រាង្គប្រាសាទអង្គវត្ត ហើយតំបន់នេះក៏ផ្តល់នូវសេវាកម្មប្រព័ន្ធអេកូឡូស៊ីដូចជា សំលៀកបំពាក់ ទឹកប្រើប្រាស់ និងជីវចម្រុះផ្សេងៗទៀត។ តែជីវចម្រុះទាំងនោះកំពុងតែរងនូវការគំរាមកំហែងពីសកម្មភាពមនុស្ស និងបញ្ហាផ្សេងៗដូចជាការបាត់បង់ទីជម្រាល និងការថយចុះទឹកក្រោមដីផងដែរ។ ដូចនេះការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនាថ្ងៃនេះគឺជាការវិនិយោគយ៉ាងមានសារៈសំខាន់សម្រាប់ពេលអនាគត ក្នុងការស្តារជីវៈចម្រុះដែលបាត់បង និងការលើកកម្ពស់សេវាកម្មប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ផងដែរ។
ឯកឧត្តម ពៅ ពិសិដ្ឋ លើកឡើងថា ពិធីដំាកូនឈើនាថ្ងៃនេះពិតជាមានសារៈសំខាន់ខ្លំាងណាស់ក្នុងការចូលរួមចំណែកស្តារគម្របព្រៃឈើនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ចូលរួមទប់ស្កាត់ការហូរច្រោះដី ក៏ដូចជាបំផុសស្មារតីដល់ប្រជាសហគមន៍ ឱ្យយល់កាន់តែច្បាស់ពីតម្លៃនៃព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ី ដើម្បីចូលរួមចំណែកស្តារ គម្រប់ព្រៃឈើឡើងវិញ ការពារការហូរច្រោះ ក៏ដូចជាការអប់រំដល់សាធារណៈជនឲ្យយល់កាន់តែច្បាស់ពីតម្លៃនៃព្រៃឈើ។ ឯកឧត្តមក៏សូមសំណូមពរដល់ម្ចាស់ជំនួយបន្តជួយគំាទ្របន្ថែមទៀតជាពិសេសផ្តោតលើការថែទំាកូនឈើដែលបានដំាហើយ ក៏ដូចជាជួយជំរុញ និងលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍ក្នុងតំបន់នេះ។
ថ្លែងក្នុងពិធីបើក ឯកឧត្តម ទិន ពន្លក បានមានប្រសាសន៍ថា ព្រៃឈើគឺជាធនធានធម្មជាតិដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា។ ព្រៃឈើបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ទឹកសម្រាប់មនុស្សធានាបាននូវប្រព័ន្ធដែលមានស្ថេរភាព។ ការបាត់បង់ព្រៃឈើ ជារើយៗ តែងតែបង្ករនូវមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់បរិស្ថានដោយធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ ការហូរច្រោះដី ទឹកជំនន់ និងភាពរាំងស្ងួតជាដើម។ល។ បន្ថែមលើសពីនេះ មន្រ្តីឧទ្យានុរក្ស និងមន្រ្តីថ្នាក់ក្រោមជាតិក៏កំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការអភរិក្សធនធានធម្មជាតិដ៏មានតម្លៃនេះ សម្រាប់ជាកេរ្តិ៍តំណែលដល់មនុស្សជំនាន់ក្រោយ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្តមបានបន្ថែមទៀតថា មជ្ឃមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែននេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការការស្រាវជ្រាវអំពីជីវចម្រុះ ការអប់រំផ្សព្វផ្សាយ និងទេសចរណ៍ធម្មជាតិផងដែរ។ ឯកឧត្តមក៏បានគាំទ្រឱ្យមានការលើកកម្ពស់សេវាកម្មទេសចរណ៍ធម្មជាតិក្នុងតំបន់ដើម្បីចូលរួមក្នុងកិច្ចការពារធនធានធម្មជាតិ និងការរកប្រាក់ចំណូលបន្ថែមសម្រាប់ប្រជាជនក្នុងតំបន់ផងដែរ។
ក្នុងឱកាសនោះ កូនឈើសរុបចំនួន ១០០០ដើម មានប្រភេទបេង ធ្នង់ ក្រញូង និងឈើទាល ត្រូវបានដាំក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខ អាន ភ្នំគូលែន ខេត្តសៀមរាបដែល។ ពិធីដាំកូនឈើនាថ្ងៃនេះមានគោលបំណងចូលរួមចំណែកស្តារគម្របព្រៃឈើឡើងវិញ និងបំផុសស្មារតីដល់ប្រជាជន និងផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃព្រៃឈើដល់សាធារណៈជន។
រូបថត៖ http://ncsd.moe.gov.kh/resources/album/planting-event-Aug-2020