Nuclear workshop ITC 15 Dec 2016ដើម្បី​លើកកម្ពស់ចំណេះដឹងបន្ថែម ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់ថាមពលនុយក្លេអ៊ែរសម្រាប់បម្រើឱ្យគោល​បំណងសន្តិភាព ព្រម​ទាំង​ស្វែងយល់ពីតួនាទី​របស់ក្រសួងស្ថាប័ន​ដែល​ពាក់ព័ន្ធ​នៅក្នុងវិស័យនេះ ជាពិសេស​ការចែករំលែកបទ​ពិសោធន៍ គំនិតយោបល់នានា​ដើម្បីជំរុញការភិវឌ្ឍក្នុងវិស័យនេះនៅកម្ពុជា នាពេល​អនាគត នាយកដ្ឋានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា​នៃក្រុម​ប្រឹក្សា​ជាតិអភិវឌ្ឍន៍ដោយចីរភាព បានសហការ​ជា​មួយ​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បាន​រៀបចំ «​សិក្ខា​សាលា​លើកកម្ពស់ការយល់ដឹង​ក្នុង​ការ​ប្រើ​ប្រាស់ថាមពល​នុយ​ក្លេអ៊ែរ​សម្រាប់បម្រើ​ឱ្យគោល​បំណង​សន្តិភាព» នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ទីក្រុងភ្នំពេញ។ ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋ​លេខាធិការ​ក្រសួងបរិស្ថាន ជាតំណាងដ៏ខ្ពង់​ខ្ពស់​​របស់​ឯកឧត្តម សាយ​ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍ដោយចីរភាព នឹងចូលរួមជាគណៈអធិបតីនៅក្នុងពិធី​បើក​សិក្ខា​សាលានេះ។

ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បាន​បញ្ជាក់ថា ដោយយល់ច្បាស់ពីសារៈសំខាន់​ក្នុងការប្រើប្រាស់​ថាមពលនុយក្លេអ៊ែរ​សម្រាប់បម្រើឱ្យ​គោល​បំណង​សន្តិភាព រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​​ចីរភាព ចុះហត្ថលេខាលើអនុស្សរណៈ​នៃការយោគយល់​ជាមួយ​នឹងសាជីវកម្មថាមពលបរមាណូរដ្ឋ “Rosatom” នៃ​សហព័ន្ធ​រុស្ស៊ី រួមមាន ៖ (១) អនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការលើការ​ប្រើប្រាស់​ថាមពលនុយក្លេអ៊ែរ​​​​​សម្រាប់​បម្រើ​ឱ្យគោលបំណងសន្តិភាព (២)អនុស្សរណៈនៃការយោគយល់ ស្តីពី​ការ​បង្កើត «ក្រុមការងាររួមកម្ពុជា​-រុស្ស៊ី» ដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការនេះ និង (៣) អនុ​ស្ស​រណៈ​នៃការយោគយល់ ស្តីពីការបង្កើត «មជ្ឈ​មណ្ឌល​ព័ត៌មានថាមពល​នុយក្លេអ៊ែរ» ​ក្នុង​គោល​បំណង​លើកកម្ពស់​ការ​​យល់ដឹងជាសាធារណៈ ​អំពីសារៈសំខាន់ តម្រូវការ ប្រសិទ្ធភាពនៃបច្ចេកវិទ្យា​នុយក្លេអ៊ែរ និងសុវត្ថិភាព​នៃ​ការប្រើប្រាស់។

ឯកឧត្តម​អនុរដ្ឋលេខាធិការ​បាន​បន្តថា ទន្ទឹមនេះដែរ នៅមានលក្ខណ្ឌចាំបាច់ និងបញ្ហាចម្បងៗ​ជា​ច្រើន ​ដែលយើងត្រូវបំពេញ និង​គិតគូរ​ពិចារណាឱ្យបានច្បាស់​លាស់ គ្រប់ជ្រុងជ្រោយលើគ្រប់ទិដ្ឋភាព​ ដែលរួមមាន ការ​កសាង​សមត្ថភាព ការលើក​កម្ពស់ការ​យល់ដឹង និងការបណ្តុះបណ្តាលធនធានមនុស្ស​លើជំនាញ​ថាមពលនុយ​ក្លេ​អ៊ែរ និងបច្ចេក​វិទ្យា​​នុយ​ក្លេអ៊ែរ តាមរយៈ​ការបញ្ជូន​និស្សិតទៅសិក្សានៅក្រៅប្រទេស ទាំងរយៈពេលខ្លី មធ្យម និងវែង គឺជាកត្តា​ចាំបាច់​មិនអាចខ្វះ​បានឡើយ ជាពិសេសត្រូវ​ផ្តល់អាទិភាពចម្បងលើមុខវិជ្ជា​ពាក់​ព័ន្ធនឹងការប្រើប្រាស់ នៅក្នុងវិស័យ​វេជ្ជសាស្រ្ត កសិកម្ម ឧស្សាហកម្ម ​​ការផលិត​អគ្គិសនី​ពីថាមពលនុយក្លេ​អ៊ែរ។ល។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះបណ្តាប្រទេសជាច្រើននៅលើពិភពលោក បាននិងកំពុងខិតខំសិក្សាសា្រវជ្រាវវិទ្យាសាស្រ្តនុយក្លេអ៊ែរ​ និងអភិវឌ្ឍបច្ចេកវិទ្យានុយក្លេអ៊ែរ ដើម្បី​ប្រើប្រាស់​សម្រាប់បម្រើឱ្យគោល​បំណង​សន្តិភាព ក្នុងទិសដៅលើក​កម្ពស់​សុខភាព​មនុស្ស បង្កើនស្តង់ដា​ជីវភាពរស់​នៅ​របស់ប្រជាជន​ និង​រួមចំណែកឆ្លើយតបចំពោះ​ការប្រែប្រួលអាកាសធាតុ។ ទន្ទឹមក្នុងនោះ​ដែរមាន​ប្រទេស​មួយចំនួន​បានខិតខំសិក្សា​ស្រាវ​ជ្រាវ និងអភិវឌ្ឍ​ក្នុងវិស័យនេះក្នុងគោលដៅយោធា ដើម្បីបង្ហាញ​ពីនិមិត្តរូប​នៃអំណាច និង​ភាពរុង​រឿង​របស់ខ្លួន ប៉ុន្តែក៏នៅ​មាន​​អង្គការអន្តរ​ជាតិ​មួយ​ចំនួន​ ជាពិសេសទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ជំរុញការប្រើប្រាស់ថាមពលនុយក្លេអ៊ែរសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព និងទប់​ស្កាត់​ការប្រើ​ប្រាស់​សម្រាប់​គោលបំណងយោធា។ ការប្រើប្រាស់បច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរសម្រាប់បម្រើឱ្យ​គោលបំណង​​សន្តិភាព បានកើន​ឡើងជាប្រចាំ​នៅក្នុងវិស័យជាច្រើន ដូច​ជា កសិកម្ម និងស្បៀងអាហារ វេជ្ជសាស្រ្ត ឧស្សាហកម្ម ផលិតកម្មអគ្គិសនី សំណង់​ និងបរិស្ថានជាដើម ហើយការអភិវឌ្ឍវិស័យថាមពលនុយក្លេអ៊ែរ​ក៏ត្រូវ​បាន​ប្រទេសជាច្រើនចាត់ទុកថាជា​ជម្រើស​មួយ អាចជួយធានាសន្តិសុខថាមពល ជំរុញការ​អភិវឌ្ឍ​ដោយ​ចីរភាព និងរួមចំណែកឆ្លើយតបនឹង​បញ្ហា​​ប្រែប្រួល​អាកាស​ធាតុ។

  • Share on Social Media