ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពគឺជាថ្នាក់ដឹកនាំម្នាក់ក្នុងចំណោមថ្នាក់ដឹកនាំនៃក្រសួងបរិស្ថានដែលត្រូវបានសាកលវិទ្យាល័យលីខ្វាន់យូរបស់ប្រទេសសិង្ហបុរីដ៏ល្បីជ្រើសរើសចូលរួមវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពបន្ថែមក្នុងភាពជាអ្នកដឹកនាំ។ នេះគឺជាផ្នែកមួយនៃការកសាងធនធានមនុស្សដែល ក្រសួងបរិស្ថានតែងតែជំរុញនិងលើកទឹកចិត្តជានិច្ចចំពោះមន្ត្រីរាជការទាំងអស់ដែល មានបំណងបំប៉នបន្ថែមសមត្ថភាពវិជ្ជាជីវៈបច្ចេកទេស ក៏ដូចជាពង្រឹងសមត្ថភាពដឹកនាំ។ ក្រសួងបរិស្ថានសូមអបអរសាទរ ចំពោះមន្ត្រីរាជការដែលសម្រេចបានជោគជ័យលើការពង្រឹងសមត្ថភាពបន្ថែមរបស់ខ្លួន និងគាំទ្រជានិច្ចចំពោះមន្ត្រីដែលបានទទួលអាហារូបករណ៍ បន្តការសិក្សា និងទទួលការបណ្តុះបណ្តាលបន្តនៅក្រៅប្រទេស។
ដើម្បី«ប្រែក្លាយក្រសួងបរិស្ថានទៅជាស្ថាប័នរដ្ឋបាលទំនើប ដែលមានប្រព័ន្ធការងារមានភាពឆ្លើយតប ដំណើរការការងារប្រកបដោយប្រសិទ្ធភាព និងមានធនធានមនុស្សប្រកបដោយឧត្តមភាព ភាពជាអ្នកដឹកនាំ សុចរិតភាព ការទទួលខុសត្រូវខ្ពស់ មនសិការ វិជ្ជាជីវៈ និងការច្នៃប្រឌិត» ក្រសួងបរិស្ថានបាន រៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រី និងថ្នាក់ដឹកនាំក្រសួងដែលរួមមានវគ្គបណ្តុះបណ្តាលបឋម ដូចជា អំពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង និងមន្ទីរ តួនាទីនិងការទទួលខុសត្រូវ និងការយល់ដឹងកម្រិតមូលដ្ឋានលើវិស័យបរិស្ថាន និងធនធានធម្មជាតិ។ វគ្គបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាល វិទ្យាស្ថានការទូត សម្រាប់ប្រធានការិយាល័យ អនុប្រធាននាយកដ្ឋាន និងអនុប្រធានមន្ទីរ និងវគ្គបណ្តុះបណ្តាល នៅសាលាយោធាសម្រាប់មន្ត្រីឧទ្យានុរក្ស។ ក្រសួងបិស្ថានក៏បានបើកវគ្គបណ្តុះបណ្តាលមន្ត្រីបន្តវេន សម្រាប់អនុប្រធាននិងប្រធានការិយាល័យ អនុប្រធាន និងប្រធានមន្ទីរបរិស្ថាន អនុប្រធាននិងប្រធាននាយកដ្ឋាន និងអគ្គនាយករងផងដែរ៕