ខេត្តមណ្ឌលគីរី៖ ថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០១៩ ​អគ្គលេខា​ធិ​ការ​​ដ្ឋាននៃ​ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍​ដោយ​ចីរភាព(ក.ជ.អ.ច.) ​បានរៀបចំសិក្ខាសាលា​វិបស្សនា​ប្រចាំឆ្នាំ ក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ ក.ជ.អ.ច.​ ដោយមានការចូលរួម​ពី​ឯកឧត្តម​ លោក​ជំទាវ អគ្គលេខាធិការរង លោក លោកស្រី អ្នកនាង កញ្ញា ជាថ្នាក់ដឹកនាំ ប្រធាន អនុប្រធាន មន្ត្រី​គ្រប់​ជាន់ថ្នាក់​ក្រោម​​ឱវាទ​អគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. សរុបជាង ៧០នាក់។

ក្នុងពិធីបើកសិក្ខាសាលាវិបស្សនា ឯកឧត្តម ទិន ពន្លក បានគូសបញ្ជាក់ថាពីសមិទិ្ធផលសម្រេច បាន ទិសដៅការងារ និងមតិណែនាំមួយចំនួនពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពចំណេះដឹងជំនាញ ក្នុង​អគ្គលេខាធិការដ្ឋានក្នុងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រដើម្បីរៀបចំគោលនយោយបាយ ផែនការ និង​យុទ្ធ​សាស្ត្រ​ពាក់ព័ន្ធនឹងការអភិវឌ្ឍដោយចីរភាព  របៀបរបបការងារ   ការគ្រប់គ្រងមន្ត្រី  ការងារទំនាក់​ទំនង​អន្តរជាតិ និងការកៀរគរធនធានហិរញ្ញវត្ថុ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គលេខាធិការរង លោក​ប្រធាន​នាយកដ្ឋាន និងមន្រ្តី បានចូលរួម ផ្តល់មតិយោបល់ទៅលើចំណុចខ្លាំង ចំណុចខ្សោយ ឱកាស​ការងារ និងការទទួលខុសត្រូវ ដើម្បីពង្រឹង សមត្ថភាពជំនាញ កែលម្អផែនការសកម្មភាពអាទិភាព និង​តម្រូវការថវិការបស់នាយកដ្ឋាននីមួយៗ​សម្រាប់ឆ្នាំ២០២០ ដើម្បីដាក់ជូនកិច្ច​ប្រជុំថ្នាក់​ដឹក​នាំអគ្គ​លេខា​ធិការដ្ឋាន ពិនិត្យ និងសម្រេចនៅដើមឆ្នាំ ២០២០ខាងមុខ។

សូមបញ្ជាក់ថា សិក្ខាសាលានេះបាន​រៀប​ចំ​​​​ក្នុង​គោល​បំណង៖ ១)ពិនិត្យវឌ្ឍនភាព បញ្ហា​ប្រឈម ទិសដៅចំពោះមុខ យុទ្ធសាស្ត្រ និង មធ្យោបាយ​អនុវត្តន៍ ២)ផ្តល់ឱកាសដល់មន្ត្រី និង​ថ្នាក់ដឹកនាំ​បាន​ជួបជុំ​គ្នា ​​ដើម្បី​​បង្កើន​​ចំណងមិត្តភាព និងសាមគ្គីភាព និង ៣)​ទទួល និងដោះ​ស្រាយ​នូវ​សំណូមពរ​នានា​របស់មន្ត្រីពាក់ព័ន្ធ ការងារ និងជីវភាពរស់នៅ៕

កម្រងរូបភាព

 

  • Share on Social Media