ខេត្តមណ្ឌលគីរី៖ ថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០១៩ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព(ក.ជ.អ.ច.) បានរៀបចំសិក្ខាសាលាវិបស្សនាប្រចាំឆ្នាំ ក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ ក.ជ.អ.ច. ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង លោក លោកស្រី អ្នកនាង កញ្ញា ជាថ្នាក់ដឹកនាំ ប្រធាន អនុប្រធាន មន្ត្រីគ្រប់ជាន់ថ្នាក់ក្រោមឱវាទអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. សរុបជាង ៧០នាក់។
ក្នុងពិធីបើកសិក្ខាសាលាវិបស្សនា ឯកឧត្តម ទិន ពន្លក បានគូសបញ្ជាក់ថាពីសមិទិ្ធផលសម្រេច បាន ទិសដៅការងារ និងមតិណែនាំមួយចំនួនពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពចំណេះដឹងជំនាញ ក្នុងអគ្គលេខាធិការដ្ឋានក្នុងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រដើម្បីរៀបចំគោលនយោយបាយ ផែនការ និងយុទ្ធសាស្ត្រពាក់ព័ន្ធនឹងការអភិវឌ្ឍដោយចីរភាព របៀបរបបការងារ ការគ្រប់គ្រងមន្ត្រី ការងារទំនាក់ទំនងអន្តរជាតិ និងការកៀរគរធនធានហិរញ្ញវត្ថុ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គលេខាធិការរង លោកប្រធាននាយកដ្ឋាន និងមន្រ្តី បានចូលរួម ផ្តល់មតិយោបល់ទៅលើចំណុចខ្លាំង ចំណុចខ្សោយ ឱកាសការងារ និងការទទួលខុសត្រូវ ដើម្បីពង្រឹង សមត្ថភាពជំនាញ កែលម្អផែនការសកម្មភាពអាទិភាព និងតម្រូវការថវិការបស់នាយកដ្ឋាននីមួយៗសម្រាប់ឆ្នាំ២០២០ ដើម្បីដាក់ជូនកិច្ចប្រជុំថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន ពិនិត្យ និងសម្រេចនៅដើមឆ្នាំ ២០២០ខាងមុខ។
សូមបញ្ជាក់ថា សិក្ខាសាលានេះបានរៀបចំក្នុងគោលបំណង៖ ១)ពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម ទិសដៅចំពោះមុខ យុទ្ធសាស្ត្រ និង មធ្យោបាយអនុវត្តន៍ ២)ផ្តល់ឱកាសដល់មន្ត្រី និងថ្នាក់ដឹកនាំបានជួបជុំគ្នា ដើម្បីបង្កើនចំណងមិត្តភាព និងសាមគ្គីភាព និង ៣)ទទួល និងដោះស្រាយនូវសំណូមពរនានារបស់មន្ត្រីពាក់ព័ន្ធ ការងារ និងជីវភាពរស់នៅ៕