របាយការណ៍ស្រាវជ្រាវថ្មីចំនួន២ ដែលមានឈ្មោះថា «ដំណោះស្រាយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុលើកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា (CEGIM)» និង « ការកាត់បន្ថយហានិភ័យវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញនៅប្រទេសកម្ពុជា (DREI)» ត្រូវបានប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាតំណាងក្រសួងពាក់ព័ន្ធនានា។ វិធានការគោលនយោបាយសាធារណៈទាំងនេះ អាចកាត់បន្ថយហានិភ័យនិងជួយសម្រួលនូវបរិយាកាសអំណោយផលសម្រាប់វិនិយោគិនវិស័យឯកជន ដែលមានបំណងវិនិយោគលើវិធានការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងលើគម្រោងថាមពលពន្លឺព្រះអាទិត្យ។
ក្នុងព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពីតំណាងស្ថាប័នរដ្ឋាភិបាល ស្ថានទូត ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ស្ថាប័នសិក្សាស្រាវជ្រាវ និងវិស័យឯកជនផងដែរ។ របាយការណ៍ទាំង ២ នេះ បានរៀបចំដោយអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដែលបានសហការយ៉ាងជិតស្និទជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល និងដៃគូអភិវឌ្ឍន៍នានាជាពិសេសកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ស្ថានទូតស៊ុយអែត និងកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (CCCA)។
នៅក្នុងសុន្ទរកថាបើក ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា របាយការណ៍ទាំងពីរនេះ មានទំនាក់ទំនងជាមួយនឹងគោលដៅរួមក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបង្កើនភាពធន់នៃសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមបានបន្តថា របាយការណ៍ស្ដីពីដំណោះស្រាយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុលើកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា បានរកឃើញថា ត្រឹមឆ្នាំ២០៥០ ការប្រែប្រួលអាកាសធាតុនឹងនាំឱ្យអត្រាកំណើនផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) នៅកម្ពុជាថយចុះ ៩,៨% ដោយសារការថយចុះផលិតភាពរបស់កម្មករនិយោជិត ព្រោះតែកំណើនសីតុណ្ហភាព ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរដែលបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ការបាត់បង់ទិន្នផល កសិកម្មជាដើម។ ជាការឆ្លើយតប របាយការណ៍នេះបានដាក់ជូននូវអនុសាសន៍គោលនយោបាយសម្រាប់គាំទ្រវិនិយោគលើការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ដែលអាចកាត់បន្ថយផលប៉ះពាល់អវិជ្ជមានមកលើសេដ្ឋកិច្ចកម្ពុជា រហូតដល់ ២ ភាគ ៣។ ស្របពេលជាមួយគ្នានេះដែរ របាយការណ៍ DREI បានបង្ហាញពីបណ្តាវិធានការដែលមានប្រសិទ្ធភាពចំណាយសម្រាប់ជំរុញឱកាសវិនិយោគក្នុងអនុវិស័យថាមពលពន្លឺព្រះអាទិត្យទាំង៤៖ ១) ថាមពលពន្លឺព្រះអាទិត្យខ្នាតធំ ២) ថាមពលពន្លឺព្រះអាទិត្យបំពាក់នៅលើដំបូល ៣) ប្រព័ន្ធបណ្តាញខ្នាតតូចថាមពលពន្លឺព្រះអាទិត្យនិងអាគុយ និង៤)ប្រព័ន្ធពន្លឺព្រះអាទិត្យដែលបំពាក់តាមផ្ទះ។ របាយការណ៍នេះ ក៏បានរកឃើញផងដែរថា ការវិនិយោគលើថាមពលពន្លឺព្រះអាទិត្យត្រឹមតែជាង ៧០០MW អាចកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកប្រមាណ ៨,៧ លានតោនដោយផ្ទាល់ត្រឹមឆ្នាំ២០៤៥។
ឯកឧត្តម រស់ សីលវ៉ា អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍នៅក្នុងសុន្ទរកថារបស់ឯឧត្ដមថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីដែលងាយទទួលរងគ្រោះខ្លាំងដោយសារការប្រែប្រួលអាកាសធាតុ ខណៈដែលសមត្ថភាពស្ថាប័នក្នុងការកាត់បន្ថយ និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ នៅមានកម្រិតនៅឡើយ។ នេះជាហានិភ័យមួយដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់ ល្បឿននៃការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងរយៈពេលវែង ប្រសិនបើយើងមិនបង្កើនកិច្ចខិតខំប្រឹងប្រែងដោះស្រាយរួមគ្នា។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជាអាទិភាពសំខាន់មួយដោយ បានដាក់បញ្ចូលក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (២០១៩-២០២៣)។ ឯកឧត្តម រស់ សីលវ៉ា បានសង្កត់ធ្ងន់ថា ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុត្រូវមានលក្ខណៈប្រទាក់ក្រឡា និងបំពេញបន្ថែមគ្នាទៅវិញទៅមកក្នុងចំណោមស្ថាប័នរដ្ឋ និងដៃគូអភិវឌ្ឍន៍ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងទាមទារឱ្យមានការចូលរួមពីវិស័យឯកជន និងប្រជាពលរដ្ឋទូទៅ។ ជាការឆ្លើយតបនឹងការប្រែប្រួលអាកាស ធាតុ និងការបង្កើនភាពប្រកួតប្រជែង និង កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព រាជរដ្ឋាភិបាលបានគិតគូរកែលម្អគោលនយោយបាយជាតិស្តីពីថាមពល ជាពិសេសការធ្វើពិពិធកម្មទៅរកថាមពលកកើតឡើងវិញ ពោលការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ។
របាយការណ៍ DREI របស់កម្ពុជា គឺជារបាយការណ៍ស្ដីពីការកាត់បន្ថយហានិភ័យទីមួយនៅលើពិភពលោក ដែលផ្ដោតជាក់លាក់លើថាមពលពន្លឺព្រះអាទិត្យ ដោយបានសិក្សាលើបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យដែលភ្ជាប់ជាមួយនឹងបណ្ដាញរដ្ឋផង និងដែលមិនភ្ជាប់ជាមួយនឹងបណ្ដាញរដ្ឋផង។ ឱកាសភ្ជាប់ជាមួយនឹងបណ្ដាញរដ្ឋ(ប្រព័ន្ធខ្នាតធំ និងប្រព័ន្ធបំពាក់លើដំបូល) មានសក្តានុពលផ្ដល់នូវប្រភពថ្មីសម្រាប់ផលិតអគ្គិសនីដែលស្អាត និងមានការប្រកួតប្រជែងផ្នែកតម្លៃ ព្រមទាំងលើកកម្ពស់សន្តិសុខថាមពលសម្រាប់ប្រទេសកម្ពុជា។ បច្ចេកវិទ្យាថាមពលពន្លឺ ព្រះអាទិត្យដែលមិនភ្ជាប់ជាមួយនឹងបណ្ដាញរដ្ឋ (ប្រព័ន្ធបណ្តាញខ្នាតតូចថាមពលពន្លឺព្រះអាទិត្យ និងអាគុយ និងប្រព័ន្ធថាមពន្លឺព្រះអាទិត្យដែលបំពាក់តាមផ្ទះ) មានសក្តានុពលបង្កើនលទ្ធភាពទទួលបានថាមពល និងគុណភាពនៃសេវាថាមពលនៅតាមតំបន់ដាច់ស្រយាល។ គំរូនេះបង្ហាញថា ការចាត់វិធានការកាត់បន្ថយហានិភ័យ ដូចដែលផ្ដល់ជូនជាអនុសាសន៍ទាំងនេះនឹងនាំមកនូវការសន្សំសំចៃ។ គំរូនេះអស់ចំណាយប្រមាណ ៦៨ លានដុល្លារ (គិតរហូតដល់ឆ្នាំ ២០៣០) និងអាចនាំឱ្យមានការសន្សំប្រាក់បាន ១៤៦ លានដុល្លារសម្រាប់សេដ្ឋកិច្ច។ ខណៈពេលដែលភាពជឿនលឿនខាងបច្ចេកវិទ្យាថាមពលកកើតឡើងវិញ និងថាមពលស្អាត ដំបូងឡើយបានផ្ដល់នូវលទ្ធភាពឱ្យគេអាចច្របាច់វិធានការអាកាសធាតុ និងកំណើនសេដ្ឋកិច្ចបញ្ចូលគ្នា វិធានការគោលនយោបាយ សាធារណៈ ដូចជា វិធានការដែលបានផ្ដល់ជាអនុសាសន៍នៅក្នុងរបាយការណ៍នេះ មានតួនាទីយ៉ាងសំខាន់ដើម្បីជួយពង្រឹង និងសម្របសម្រួល ដល់ទំនាក់ទំនងបែបនេះនៅក្នុងការអនុវត្តជាក់ស្ដែង៕
Addressing Climate Change Impacts on Economic Growth in Cambodia (CEGIM)
De-risking Renewable Energy Investment in Cambodia (DREI)