នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោកបណ្ឌិតហាក់ ម៉ៅ និងសហការីរួមមាន៖ លោក ស៊ឹម ទូច លោកស៊ុ ជាតិ លោកឌឿន ដារ៉ា និងកញ្ញា ទេព សុខបញ្ញា ត្រូវបានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចប្រជុំស្តីពី The Mutual Learning Program for Enhanced Transparency (MLP) នៅ Japan Pavillion  និងតាមរយៈប្រព័ន្ធzoom តាមការអញ្ជើញរបស់វិទ្យាស្ថានយុទ្ធសាស្ត្របរិស្ថានសកលប្រទេសជប៉ុន។ កិច្ចប្រជុំនេះមានគោលបំណងបង្ហាញពីលទ្ធផលនិងបទពិសោធន៍ការអនុវត្តកម្មវិធី MLP ក្នុងឆ្នាំ២០២០ និង២០២១។ លោកបណ្ឌិតហាក់ ម៉ៅបានកោតសរសើរនូវការរៀបចំកម្មវិធី MLP ដែលផ្តល់ឱកាសឲ្យប្រទេសកំពុងអភិវឌ្ឍន៍រួមទាំងកម្ពុជាបានចូលរួមវគ្គបណ្តុះបណ្តាល កសាងសមត្ថភាព និងចែករំលែកបទពិសោធន៍ក្នុងការប្រមូល ចងក្រង ប្រើប្រាស់និងបកស្រាយទិន្នន័យក្នុងការធ្វើសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ដើម្បីពង្រឹងតម្លាភាព និងគុណភាពរបាយការណ៍។ លោកបណ្ឌិតក៏បានស្នើសុំឲ្យបន្តកម្មវិធីនេះនិងស្នើសុំពង្រីកចំនួនអ្នកចូលរួមពីបណ្តាប្រទេសនីមួយៗ ដើម្បីឲ្យមានការយល់ដឹងកាន់តែទូលំទូលាយសម្រាប់ប្រើប្រាស់ជាមូលដ្ឋានរៀបចំរបាយការណ៍ក្រោមអនុសញ្ញា និងកិច្ចព្រមព្រៀងស្តីពីអាកាសធាតុនានា។
នៅរសៀលថ្ងៃដដែល លោកបណ្ឌិត ហាក់ ម៉ៅរួមជាមួយលោកសុំ ជាតិ និងលោក ឌឿន ដារ៉ា ក៏បានចូលរួមជាវាគ្មិនក្នុងកិច្ចប្រជុំស្តីពីក្រុមអ្នកជំនាញពិព្រោះយោបល់ (CGE) លើការរៀបចំប្រព័ន្ធវាស់វែង ផ្ទៀងផ្ទាត់ និងរាយការណ៍ (MRV)ស្តីពីការប្រែប្រួលអាសធាតុ តាមការអញ្ជើញរបស់លេខាធិការរដ្ឋានអនុសញ្ញា UNFCCC។ លោកបណ្ឌិតបានចែករំលែកចំណេះដឹងនិងបទពិសោធន៍អំពីការរៀបចំ MRV លើវិស័យថាមពល និង វិស័យដឹកជញ្ជូនពិសេសលើការរៀបចំក្រុមការងារ ការជ្រើសអ្នកជំនាញ និងដំណើរការនៃការរៀបចំឯកសារទាំងនេះ។ លោកបណ្ឌិតក៏បានបញ្ជាក់ថាកម្ពុជាបានដាក់ឲ្យដំណើរការប្រព័ន្ធតាមដាន (Tracking tool) ការអនុវត្តសកម្មភាពក្រោមរបាយការណ៍ updated NDC តាមប្រព័ន្ធ online ផងដែរ។ ជាមួយគ្នានោះដែរ លោកបណ្ឌិតបានបញ្ជាក់ថា ការរៀបចំ និងការកសាងសមត្ថភាពជំនាញនិងស្ថាប័នលើការរៀបចំ MRV ពិតជាចាំបាច់ ដើម្បីឆ្លើយតបនឹងតម្រូវការការរៀបចំរបាយការណ៍កាន់តែញឹកញាប់ និងច្រើនក្រោមអនុសញ្ញា UNFCCC និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុ។ល។ 
នៅល្ងាចថ្ងៃដដែលនោះដែរ លោកបណ្ឌិតហាក់ ម៉ៅ បានចូលរួមជាវាគ្មិនក្នុងកិច្ចប្រជុំស្តីពីអព្យាក្រឹតកាបូននិង គោលដៅអភិវឌ្ឍន៍ដោយចីរភាពតាមការអញ្ជើញរបស់វិទ្យាស្ថានសាកលវិទ្យាល័យសហប្រជាជាតិសម្រាប់ការសិក្សាប្រកបដោយចីរភាព (UNU-IAS) ក្រោមអធិបតីភាពឯកឧត្តមអនុរដ្ឋមន្ត្រីកិច្ចការបរិស្ថានសកលនៃក្រសួងបរិស្ថានជប៉ុន និងលោកស្រីបណ្ឌិតប្រធានវិទ្យាស្ថាន UNU-IAS។ លោកបណ្ឌិត ហាក់ ម៉ៅបានលើកឡើងថាកម្ពុជាបានចូលរួមយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុទោះបីកម្ពុជាបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួចទៅក្នុងបរិយាកាស។ លោកបណ្ឌិតបានបញ្ជាក់ថា សុខ សន្តិភាព និងស្ថេរភាពសង្គមជាកត្តាចំបងដែលនាំឲ្យកម្ពុជាមានឱកាសអភិវឌ្ឍសេដ្ឋកិច្ច ការកសាងធនធានមនុស្ស និងចូលរួមជាមួយពិភពលោកដើម្បីដោះស្រាយវិបត្តិនានា ពិសេសវិបត្តិអាកាសធាតុ។ ជាមួយគ្នានោះ លោកក៏បានចែករំលែកបទពិសោធន៍និងព័ត៌មានអំពីការដោះស្រាយនឹងការប្រែប្រួលអាកាសធាតុរួមមាន ការអនុវត្តសកម្មភាពជាក់ស្តែង រៀបចំស្ថាប័ន និងការកសាងគោលនយោបាយនិងយុទ្ធសាស្ត្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ល។ លោកបណ្ឌិតក៏បានបញ្ជាក់ថាកម្ពុជាបានដាក់ជូនរបាយការណ៍ Updated NDC ដែលរបាយការណ៍នេះក៏បានការវិភាគទំនាក់ទំនងរវាងសកម្មភាពដោះស្រាយនឹងការប្រែប្រួលអាកាសធាតុនិងគោលដៅអភិវឌ្ឍន៍ដោយចីរភាព។ កម្ពុជាកំពុងបញ្ចប់ការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនផងដែរ ហើយសង្ឃឹមថានឹងអាចដាក់ជូនទៅលេខាធិការដ្ឋាន UNFCCC នៅចុងឆ្នាំ២០២១នេះ។ វិទ្យាស្ថាន UNU-IAS នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតផ្នែកប្រែប្រួលអាកាសធាតុដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។






  • Share on Social Media