នៅថ្ងៃទី០៦-០៧ ខែកក្កដា ឆ្នាំ២០២២ នៅខេត្តកែប នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសលើកទី៣ (PSC) នៃគម្រោង «ការកសាងភាពធន់នឹង អាកាសធាតុនៃប្រព័ន្ធទីក្រុងតាមរយៈការបន្ស៊ាំដោយផ្អែកលើប្រព័ន្ធអេកូឡូស៊ីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក» ក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជានាយកគម្រោង ដោយមានការចូលរួមពី ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ លោក Mozaharul Alam អ្នកសម្របសម្រួលថ្នាក់តំបន់ លោក Alamgir Hossain មន្ត្រីគ្រប់គ្រងកម្មវិធីបរិស្ថានសហប្រជាជាតិ(UNEP) លោកស្រី ទិត សុខា អភិបាលនៃគណៈអភិបាលក្រុងកែប លោក សុខ វណ្ណា តំណាងអង្គការUN-HABITAT លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ និងជាប្រធានគ្រប់គ្រង់គម្រោងEbAប្រចាំកម្ពុជា ក្រុមការងារគម្រោងEbA មកពីប្រទេសឡាវ និងប្រទេសប៊ូតាន ព្រមទាំងលោក លោកស្រីជាសមាជិកគណៈកម្មាធិការតម្រង់ទិស ជំនាញការជាតិ និងអន្តរជាតិសរុបចំនួន ២៥ រូប។

កិច្ចប្រជុំនេះមានគោលបំណងដើម្បី៖ ១) ពិនិត្យពីវឌ្ឍនភាព និងផែនការការងារគម្រោង ធៀបនឹងគោលដៅ និងលទ្ធផលរំពឹងទុករបស់គម្រោង ២) ពិនិត្យពីការពន្យាររយៈពេលគម្រោងដល់ឆ្នាំ២០២៣ និងការកែសម្រួលថវិកានៅកម្រិតតំបន់ និងប្រទេស ៣) ពិនិត្យពីការកែសម្រួលផែនការងារសម្រាប់ឆ្នាំ ២០២២និង ២០២៣ ៤) ពិនិត្យ និងពិភាក្សាឡើងវិញលើគម្រោងសាកស្បង EbA ដែលបានជ្រើសរើស និងសកម្មភាពជីវភាពរបស់ប្រទេសនីមួយៗ ៥) ពិនិត្យ និងពិភាក្សាពីវិធីសាស្ត្រនៃការអនុវត្តគម្រោង ដោយរួមទាំង ការត្រួតពិនិត្យនិងវាយតម្លៃ ផែនការចូលរួមពីភាគីពាក់ព័ន្ធ និងបញ្ហាប្រឈមនានា។ 


ថ្លែងក្នុងសុន្ទរកថាបើក ឯកឧត្តម ទិន ពន្លក បានបញ្ជាក់ថា នេះជាលើកដំបូងបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩  ដែលក្រុមការងារថ្នាក់ជាតិ និងថ្នាក់តំបន់មកពីកម្ពុជា ឡាវ និងប្រទេសប៊ូតាន ជួបប្រជុំគ្នាដោយផ្ទាល់ នេះដោយសារការគ្រប់គ្រង់នូវវិបត្តិកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា និងបានអំណរគុណចំពោះក្រុមការងារគម្រោងទាំងថ្នាក់ជាតិ និងថ្នាក់តំបន់ចំពោះកិច្ចខិតខំប្រឹងប្រែងសម្រេចបានការអនុវត្តការងារជាច្រើនគួរឱ្យកត់សម្គាល់កន្លងមក។ ទោះបីយ៉ាងណា ដោយសារតែវិបត្តិជំងឺកូវីដ-១៩ ការអនុវត្តគម្រោង EbA ទាំងនៅថ្នាក់ជាតិ និងតំបន់មិនអាចធ្វើបានទៅតាមផែនការ ដែលជាហេតុធ្វើយើងត្រូវពិនិត្យនិងកែសម្រួលទាំងផែនការសកម្មភាព និងផែនការថវិកាឡើងវិញដើម្បីស្វែងរកលទ្ធភាពដើម្បីពន្លឿនការអនុវត្តគម្រោងឱ្យសម្រេចបានតាមផែនការ។ កិច្ចប្រជុំនេះដឹកនាំ និងសម្របសម្រួលដោយឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយកគោលនយោបាយនិងយុទ្ធសាស្ត្រ។ 









  • Share on Social Media