សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានជំរុញឲ្យរដ្ឋមន្រ្តីការបរទេសអាស៊ានពិនិត្យពិចារណា និងផ្តល់ការគាំទ្រដល់ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការខូចខាតផ្នែកបរិស្ថាន។ សម្តេចតេជោ ហ៊ុន សែន បានហៅគំនិតផ្តួចផ្តើមអាស៊ាននេះ ថាកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) សំដៅអនុញ្ញាតឱ្យតំបន់អាចប្រែប្រួលបន្តិចម្តងៗ ឆ្ពោះទៅកាន់អនាគតបៃតងមួយ ដែលមានចីរភាព ការប្រើប្រាស់ធនធាន ប្រកបដោយប្រសិទ្ធភាព ភាពធន់ និងភាពប្រកួតប្រជែងក្នុងផ្នែកសេដ្ឋកិច្ច។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា កិច្ចព្រមព្រៀងបៃតងនេះ នឹងអាចគ្របដណ្តប់ទៅលើវិស័យជាច្រើន ដូចជាហេដ្ឋារចនាសម្ព័ន្ធ ថាមពល កម្មន្តសាល ការប្រើប្រាស់កសិកម្ម ការដឹកជញ្ជូន បរិស្ថាន និងហិរញ្ញវត្ថុ ដោយមានបច្ចេកវិទ្យា នវានុវត្តន៍ និងការកែច្នៃ ដើម្បីប្រើសប្រាស់ឡើងវិញបំពេញតួនាទីជាកត្តាជំរុញ។

សូមបញ្ជាក់ថា នៅក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី៣ សីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងគំនិតផ្តួចផ្តើមចំនួន២ សំខាន់ ក្នុងនោះការដោះស្រាយចំពោះការគំរាមកំហែង ដល់ភាពរស់រានមានជីវិត នៅក្នុងតំបន់ និងពិភពលោក ដែលបង្កឡើងដោយការប្រែប្រួលអាកាសថាតុ និងការខូចខាតផ្នែកបរិស្ថាន។ តាមរយៈនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជំរុញឲ្យរដ្ឋមន្រ្តីការបរទេសអាស៊ាន ជំរុញកិច្ចការនេះឲ្យក្លាយជាការពិត។

សូមបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាងាយរងគ្រោះខ្លាំងពីការប្រែប្រួលអាកាសធាតុ ដូចប្រទេសមួយចំនួនក្នុងតំបន់ ហើយសកម្មភាពបន្ស៊ាំដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពងាយរងគ្រោះទៅនឹងការប្រែប្រួលអាកាសធាតុ និងចូលរួមលើកកម្ពស់ជីវភាពប្រជាជន។

លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំកំពូលលើកទី២៦ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP26) ក៏បង្ហាញពីអាទិភាពនៃសកម្មភាពបន្ស៊ាំ និងជាពិសេសការសន្យា និងគៀរករថវិកាពីប្រទេសអភិវឌ្ឍន៍សម្រាប់អនុវត្តសកម្មភាពបន្ស៊ាំ។ ជាមួយគ្នានេះ កម្ពុជាមានការប្តេជ្ញាខ្ពស់ចំពោះការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ហើយបានដាក់បញ្ចូលនូវសកម្មភាពបៃតង និងអាកាសធាតុ ចំនួន១៣ ទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយ កូវីដ-១៩៕

ប្រភព៖ https://www.facebook.com/MinistryOfEnvironmentCambodia/posts/pfbid02rtqedXWa16pStx9S57YbVrLwvWtTx8H6rs17pNF1cGLR8sL5bsxxavDCHdD46ALLl​






  • Share on Social Media