ខេត្តសៀមរាប៖ នៅថ្ងៃព្រហស្បតិ៍-សុក្រ ១-២កើត ខែបុស្ស ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងែទី២៦-២៧​ ខែ​ធ្នូ ឆ្នាំ​២០១៩ អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) សហការជាមួយក្រសួងរ៉ែ និងថាមពល លេខាធិការដ្ឋាន​គណៈកម្មាធិការជាតិសម្រាប់​ការអភិឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (NCDD-S) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)  បានរៀបចំវេទិកា​ចែក​រំលែក​ចំណេះដឹង​ប្រចាំ​ឆ្នាំ​ស្តី​ពី​ «គម្រោងជំរុញ​បរិយាកាស​អំណោយផល​សម្រាប់​ការអភិវឌ្ឍ​ដោយ​ចីរភាព​នៅ​កម្ពុជា​ - BESD» ក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ​ និងជា​នាយក​គម្រោងជំរុញ​បរិយាកាស​អំណោយផល​សម្រាប់​ការអភិវឌ្ឍ​ដោយ​ចីរភាព​នៅ​កម្ពុជា (BESD) ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា តំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងគ្រឹះស្ថានឧត្តមសិក្សា​ ​ សរុបប្រមាណជា ៧០នាក់។

ក្នុងឱកាសបើកវេទិកា ឯកឧត្តម ទិន ពន្លក បានជម្រាបជូនអ្នកចូលរួមនូវសមិទ្ធិផលសំខាន់ៗដែលសម្រេចបានក្នុងការអនុវត្តគម្រោងរបស់ដៃគូសហការ រួមមាន៖  (១) រៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់​ជាតិ​ស្តីពី​ការបង់​ថ្លៃ​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​ (PES) ដោយបាន​កំណត់​​នូវជម្រើស​សមស្រប​មួយចំនួន​សម្រាប់​អនុវត្ត​នៅ​កម្ពុជា (តំបន់​ឧទ្យានជាតិ​ភ្នំ​គូលែនសៀមរាប​ និង​តំបន់ប្រើប្រាស់ច្រើនយ៉ាង​ទឹក​សាប​ក្បាល​ឆាយ ខេត្ត​ព្រះសីហនុ) និង​ផ្តល់​ជា​អនុសាសន៍​​ក្នុងការ​រៀបចំ​គោល​នយោបាយ​សម្រាប់​គៀរគរ​នូវ​ធនធាន​ហិរញ្ញ​វត្ថុ​បម្រើ​ឱ្យ​សកម្មភាព​អភិរក្ស​ និង​ការ​ពារ​នូវ​ប្រព័ន្ធ​អេកូ​ឡូស៊ី​ទាំងនោះ​។ ជាលទ្ធផល​ គឺត្រូវរៀបចំ​អនុវត្តការប្រតិ​បត្តិ​ការងារ​ការ​បង់​ថ្លៃ​ប្រព័ន្ធ​អេកូឡូស៊ី​នេះ​ (២) ​សេដ្ឋកិច្ច​ចក្រា(Circular Economy) គឺបានបង្កើតក្រុមការងារគ្រប់គ្រង​ថង់​ប្លាស្ទិច ​ផ្សព្វ​ផ្សាយអប់រំអំពីការគ្រប់គ្រង និងការកាត់បន្ថយថង់ប្លាស្ទិក​តាមរយៈយុទ្ធនាការនានា ដូចជា ​រៀបចំ​តន្ត្រី​អប់រំ​បរិស្ថាន​នៅ​កំឡុង​ពេល​បុណ្យ​អ៉ុំទុក​ បទចម្រៀង​បែប​អប់រំ​ គំនូរ​ជីវចល ជា​មួយ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង​បានកំណត់​យក​ក្រុង​កែប​ជា​ក្រុង​សាកល្បង​មួយ​ដោយ​ធ្វើ​ការប្រជុំ​ផ្សព្វ​ផ្សាយ​ ព្រមទាំង​បានសិក្សា​ពីការកែ​ច្នៃ​ពីសំរាម​ទៅ​ជាថាមពល​ជាមួយក្រុម​ហ៊ុន​ H&M (៣) ​ថាមពល​កកើត​ឡើង​វិញ​ គឺបាន​រៀបចំ​ការ​សន្ទនា​ថ្នាក់​គោល​នយោបាយ ដោយបាន​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន Energy Lab ការសិក្សាវាយតម្លៃហានិភ័យនៃការវិនិយោគថាមពលកកើតឡើងវិញ និង​បាន​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​កម្មវិធី​ថ្នាបណ្តុះ​បណ្តាល​អាជីវកម្ម​ថាមពល​ស្អាត​ក្នុង​វិស័យ​កសិកម្ម និង​ (៤) ធ្វើការរៀបចំ​ផែនការ​សកម្មភាព​រួមបញ្ចូលគ្នា​សម្រាប់​ឆ្នាំ​២០២០។

សូមបញ្ជាក់ថា វេទិកានេះរៀបចំឡើងក្នុងគោលបំណង​ដើម្បី​ពិនិត្យ​មើល​លទ្ធផល​សម្រចបាន មេរៀន​បទពិសោធន៍ និង​ការអនុវត្ត​ល្អៗ​ទាំង​ផ្នែក​គោល​នយោបាយ​ និង​ការអនុវត្ត​ផ្ទាល់​ផងដែរ ដោយមានការគាំទ្រមូលនិធិពីស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាតិ៕

Photo Album

  • Share on Social Media