20180702 111243នៅព្រឹក​ថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ​២០១៨ ដោយមានកិច្ច​សហការ​​ពីក្រសួងបរិស្ថាន ​នាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការ​ដ្ឋានក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍ដោយចីរភាព និងកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា​(CCCA) ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពីធីប្រកាស​ដាក់ឱ្យ​ប្រើប្រាស់ផ្លូវការនូវ «ឯកសារអប់រំ​ស្តីពីការ​ប្រែប្រួលអាកាសធាតុស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់​មធ្យម​សិក្សា​ទុតិយភូមិ» នៅ​សណ្ឋាគារ​ភ្នំពេញ ដើម្បីប្រកាស​និងផ្សព្វផ្សាយ​ឯកសារនេះ​ជា​​ជំនួយស្មារតីសម្រាប់លោកគ្រូ អ្នកគ្រូ និង​សិស្សា​នុសិស្ស ​ធ្វើ​​ការ​សិក្សារៀនសូត្រ ស្វែងយល់ និង​បង្រៀន​នៅតាមសាលាមធ្យមសិក្សា​ចំណេះទូទៅក្នុងក្របខណ្ឌទូទាំងប្រទេស។

ពិធីនេះបានប្រព្រឹត្ត​ទៅក្រោម​អធិបតីភាព ឯកឧត្តម ឃុត ចាន់​ដារ៉ា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងដោយមានចំណាប់អារម្មណ៍ដៃគូអភិវឌ្ឍន៍​ ​​លោកហ្វ្រង់គ័ វីយោ អគ្គទីប្រឹក្សា​និងជាប្រធានផ្នែកសហប្រតិបត្តិនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ព្រមទាំង​មាន​ការអញ្ជើញចូលរួម​ពី​ថ្នាក់ដឹកនាំក្រសួងស្ថាប័ន ក្រុមការងារបច្ចេកទេស​ប្រែប្រួលអាកាសធាតុ មន្ទីរអប់រំ យុវជន និងកីឡា និងលោកគ្រូ អ្នកគ្រូនៅតាមបណ្តាខេត្ត និងរាជធានី សរុបចំនួន១៣៤នាក់ ក្នុងនោះស្រី្ត​៣១នាក់។

ថ្លែងក្នុង​ឱកាសនេះ ឯកឧត្តម ឃុត ចាន់ដារ៉ា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា វិស័យអប់រំ បានដើរតួនាទីយ៉ាងសំខាន់ក្នុង​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​ និង​វប្បធម៌ ដោយ​បាន​ផ្តល់ទាំងពុទ្ធិ ចំណេះ និងជំនាញ ដល់មនុស្ស​គ្រប់រូប។ ស្របពេល​ដែល​ការប្រែប្រួលអាកាសធាតុ បាននិងកំពុងក្លាយជាបញ្ហាប្រឈមចម្បង និងជះឥទ្ធិពលធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ការបញ្ជ្រាបចំណេះដឹងស្តីពី​ការប្រែប្រួលអាកាសធាតុទៅក្នុងវិស័យអប់រំ និងការវិនិយោគលើសមត្ថភាពមនុស្ស គឺជាវិធានការចម្បងមួយស្របតាមផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០១៤-២០២៣។

លោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានឱ្យ​ដឹង​ថាឯកសារអប់រំនេះនឹងត្រូវប្រើប្រាស់ជាឯកសារយោង សម្រាប់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សកម្រិតថ្នាក់ទី១០ ១១ និងទី១២ សិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅ ពីបញ្ហានៃការប្រែប្រួលអាកាសធាតុ របៀបកាត់បន្ថយ និងវិធីសាស្ត្របន្ស៉ាំនានា។ លោកជំទាវ​បាន​បន្តថា ក្រសួងអប់រំ យុវជន និងកីឡា នាពេលថ្មីៗ​នេះបាន​អនុម័ត​កម្មវិធីសិក្សាលម្អិតគ្រប់មុខវិជ្ជា​និងគ្រប់ភូមិសិក្សា ដែលក្នុងនោះខ្លឹមសារសំខាន់ៗដកស្រង់ពីឯកសារអប់រំស្តីពីការប្រែប្រួលអាកាសធាតុក៏ត្រូវបានដាក់បញ្ចូលផងដែរ ដើម្បី​ឱ្យស្របតាម​និន្នាការអប់រំ​ក្នុងតំបន់ ក៏ដូចជា​ក្នុងពិភពលោកទាំងមូល។

ក្នុងនាម​សហគមន៍អឺរ៉ុប និងជាម្ចាស់ជំនួយមួយ​របស់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា​(CCCA) លោកហ្វ្រង់គ័ វីយោ អគ្គទីប្រឹក្សា និងជា​ប្រធានផ្នែកសហប្រតិបត្តិការ បានសាទរចំពោះលទ្ធផល​ដ៏ត្រចះត្រង់​ដែលកើតចេញពីកិច្ច​សហប្រតិបត្តិ​របស់​ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ហើយនេះ គឺជាកិច្ចផ្សារភ្ជាប់ទំនាក់ទំនងនិង​កិច្ច​សហការ​អន្តរក្រសួង តាមរយៈកម្មវិធីCCCA ត្រូវ​នឹងអ្វីដែលសហគមន៍អឺរ៉ុបកំពុងជំរុញនិងផ្តល់មូលនិធិជាមួយរ​ដ្ឋាភិបាល​ស៊ុយអែត និងUNDP៕

IMG 4594 1

DSC04080 1

DSC04098 1

20180702 110948

  • Share on Social Media