«រួមគ្នាឆ្ពោះទៅ អភិវឌ្ឍន៍ដោយចីរភាព» នេះជា​ពាក្យ​មួយ​ឃ្លា​សរសេរធំៗ​នៅ​លើជញ្ជាំង​លើ​ផ្លូវដើរ​មួយ​កន្លែង​ប្រសិទ្ធ​នាមថា «គម្រោង​រចនា​ច្រក​ដើរ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍​ដោយ​ចីរភាព» នាទីស្តីការក្រសួងបរិស្ថាន ដែលបានដាក់សម្ពោធជាផ្លូវការ នាល្ងាចថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង​បរិស្ថាន រួមជាមួយ តំណាង​ក្រសួង​ស្ថាប័ន​មួយ​ចំនួន និងដៃគូអភិវឌ្ឍន៍ ជាច្រើននាក់។

ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានឱ្យដឹងថា គម្រោង​នេះ​រៀបចំ​ឡើង​ដើម្បីផ្សព្វផ្សាយ​លើកកម្ពស់​ការយល់ដឹង​ដល់​សាធារណជន​អំពី​តួនាទី​និង​ភារកិច្ច​របស់​ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ការពង្រឹងស្មារតីមន្រ្តីរាជការឱ្យចេះស្រឡាញ់បរិស្ថាន និង​ទាក់ទាញ​សិស្ស និស្សិតនិងសាធារណជន អំពីការអភិវឌ្ឍន៍ដោយចីរភាពនៅកម្ពុជា។

លោក Nick Beresford ប្រធានកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNDP) បាន​បញ្ជាក់ថា ក្រសួងបរិស្ថាន បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និង​ផ្តល់​ចំណេះដឹង​ដល់​សាធារណជន ជាពិសេសផ្តល់ការអប់រំបរិស្ថានទាំងក្នុងប្រព័ន្ធ និងនៅក្រៅប្រព័ន្ធ ព្រោះ​ថា​បើ​កុមារមានការយល់ដឹងពីធនធានធម្មជាតិ និងបរិស្ថាន គេចូលរួមការពារ និងអភិរក្ស។ លោក​សូមចូល​រួមអបអរសាទរ​ចំពោះការរៀបចំឱ្យមានគម្រោងនេះឡើង ដោយមានរូបភាព និងការរចនាយ៉ាងល្អ ដែល​មានអត្ថន័យនៃការទទួលខុសត្រូវ និងក្តីស្រឡាញ់ចំពោះការងាររបស់មន្រ្តីរាជការទាំងអស់។

ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានបង្ហាញនូវ​មនោសញ្ចេតនា​រីករាយ​ជាមួយ​ការបង្កើត​បាន​សមិទ្ធផល​ថ្មីនៅថ្ងៃនេះ ដែលប្រៀបប្រដូចនឹង«វិថីសិល្បះ​បរិស្ថានក្នុងអគារមតកតេជោ»។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា នេះជាមោទនភាពសម្រាប់ទាំងអស់គ្នា ដែល​យើង​បាន​និងកំពុង​អនុវត្ត​ការរៀបចំ​គោលនយោបាយសាធារណៈលើវិស័យបរិស្ថានបានល្អ និងមានអត្ថន័យដ៏ធំធេង ជាវិថី​មួយ​ដែល​កម្ពុជាកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវបំផុត។

ឯកឧត្តម សាយ សំអាល់ បានលើកទឹកចិត្តឱ្យមានការចូលរួមពីសិស្ស និស្សិត ទស្សនាផ្ទាំង​ទស្សនីយភាព​គំរូ ដែលបង្កប់នូវខ្លឹមសារ ព័ត៌មាន និងរូបភាពប្រទាក់ក្រឡា និងមានអត្ថន័យជ្រាលជ្រៅ បង្ហាញ​ពី​គោលដៅ​ឆ្ពោះ​ទៅការអភិវឌ្ឍន៍ដោយចីរភាពនៅកម្ពុជា និង​លើកទឹកចិត្ត​ឱ្យ​មន្រ្តី​រាជការ​ក្រសួងបរិស្ថានបន្តការខិតខំប្រឹងប្រែង ចូលរូមក្នុងបុព្វហេតុបរិស្ថានដើម្បីអនាគតកម្ពុជារុងរឿង៕

កម្រងរូបភាព

  • Share on Social Media