រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានរៀបចំសិក្ខាសាលា ស្តីពីត្រួតពិនិត្យលទ្ធផលការងារការអភិវឌ្ឍដោយចីរភាពឆ្នា២០២០ និងទិសដៅការងារឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដែលមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍សរុបប្រមាណជាង ២៦១នាក់ ស្រី ៨៩ នាក់។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋាន ដែលបានអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ សម្រេចបានសមិទ្ធផលថ្មីៗគួរឱ្យកត់សម្គាទាក់ទងនឹងការតាក់តែងរៀបចំលិខិតបទដ្ឋានគតិយុទ្ធ គោលនយោបាយ និងយុទ្ធសាស្ត្រផ្អែកលើស្ថានភាពជាក់ស្តែង និងព័ត៌មានទិន្នន័យវិទ្យាសាស្រ្តក្នុងវិស័យបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព ដើម្បីលើកកម្ពស់ការអភិវឌ្ឍដោយចីរភាព សំដៅរក្សាបាននូវតុល្យភាពរវាងសេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លទ្ធផលដ៏ល្អប្រសើរទាំងនេះ អាចសម្រេចទៅបានដោយសារកម្ពុជាមានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយដ៏រឹងមាំ និងកំណើនសេដ្ឋកិច្ចខ្ពស់ ព្រមទាំងឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗសម្រេចបានកើតចេញពីស្មារតីសាមគ្គីភាពល្អប្រពៃពីមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋាន ដែលបានអនុវត្តនូវតួនាទី និងភារកិច្ចយ៉ាងសកម្មតាមផែនទីឯកភាពការងាររបស់ក្រសួងបរិស្ថាន និងឯកសារក្របខ័ណ្ឌយុទ្ធសាស្ត្រឆ្នាំ២០១៩-២០២៣ របស់ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ជាពិសេស ការយកចិត្តទុកដាក់ខ្ពស់និងការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ដែលមានចក្ខុវិស័យ ផែនការយុទ្ធសាស្ត្រជាក់លាក់ រឹងមាំ និងមានគំនិតផ្តួចផ្តើមថ្មីៗ ព្រមទាំងការចូលរួមសហការល្អពីក្រសួង ស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងបងប្អូនប្រជាពលរដ្ឋ។ ដោយឡែក សមិទ្ធផលសំខាន់ៗបាន និងកំពុងសម្រេចបាន រួមមាន៖
- បាន និងកំពុងរៀបចំសេចក្តីគោលនយោបាយ ស្តីពីការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងផែនទីបង្ហាញផ្លូវសម្រាប់ការងារជីវសុវត្ថិភាព និងសេចក្តីព្រាងក្របខណ្ឌការងារជាតិ ស្ដីពីការប្រើប្រាស់ និងការបែងចែកផលប្រយោជន៍ពីការប្រើប្រាស់ធនធានពន្ធុដោយស្មើភាព និង សមធម៌
- បាន និងកំពុងរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីវិធាន និងនីតិវិធីចូលរួមក្នុងយន្តការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់
- បានបញ្ចប់សេចក្តីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុងនិរន្តរភាព ឆ្នាំ២០២០-២០៣០ សម្រាប់ក្រុងកែប ព្រះសីហនុ បាត់ដំបង សៀមរាប កំពង់ចាម សួង និងក្រុងបាវិត
- បាន និងកំពុងរៀបចំរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រ និងសកម្មភាពសេដ្ឋកិច្ចចក្រា និងយន្តការវាយតម្លៃការសិក្សា ស្រាវជ្រាវនិងចងក្រងទិន្នន័យស្តីពីបច្ចេកវិទ្យាសមស្របសម្រាប់ការអនុវត្តនៅកម្ពុជា
- បានបញ្ចប់សេចក្តីព្រាងក្រមសីលធម៌នៃការសិក្សាស្រាវជ្រាវក្នុងកំរិតបច្ចេកទេស និងបន្តរៀបចំផែនទីបង្ហាញផ្លូវផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា
- បាន និងកំពុងរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំ និងបច្ចេកទេស ស្តីពីអគារបៃតង ការិយា ល័យបៃតង និងព្រឹត្តិការណ៍បៃតង
- បាន និងកំពុងរៀបចំបំពេញលក្ខខណ្ឌមួយចំនួន សម្រាប់ចាប់ផ្តើមកិច្ចព្រមព្រៀងស្តីពីការសាងសង់មជ្ឈមណ្ឌលវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានុយក្លេអ៊ែរនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា
- បានរៀបចំរបាយការណ៍ ស្តីពីសមិទ្ធិផលនៃការអនុវត្តគោលដៅអភិវឌ្ឍន៍ដោយចីរភាពក្នុងវិស័យ បរិស្ថាន និងការអភិវឌ្ឍដោយចីរភាព
- បានអនុម័តរបាយការណ៍បច្ចុប្បន្នភាព២ឆ្នាំម្តង និងដាក់ជូនទៅលេខាធិការដ្ឋានក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ
- បានសិក្សាវាយតម្លៃសេដ្ឋកិច្ចលើសក្តានុពលថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជា ការអភិវឌ្ឍបៃតងនៅកម្ពុជា និងផលប៉ះពាល់សេដ្ឋកិច្ច សង្គម និងបរិស្ថាន នៃការអភិវឌ្ឍឧស្សាហកម្មបៃតងនៅកម្ពុជា
- បាន និងកំពុងរៀបចំប្លង់ និងផែនការមេនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន និងបញ្ចប់សេចក្តីព្រាង ស្តីពីសៀវភៅមគ្គទេសន៍គ្រឿងទេសនៅកម្ពុជា និង
- បាន និងកំពុងរៀបចំបន្តកិច្ចសហការជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ ដើម្បីឯកភាពលើលិខិតបទដ្ឋានគតិយុត្តសម្រាប់ កិច្ចសហប្រតិបត្តិការ អាទិភាពការងាររួមគ្នានិងគម្រោងគាំទ្រជាក់ស្តែង និងបាន និងកំពុងអនុវត្តគម្រោងស្រាវជ្រាវជាមួយមជ្ឈមណ្ឌលគោលនយោបាយ យុទ្ធសាស្ត្រ និងនវានុវត្តន៍៕
កម្រងឯកសារ៖ http://ncsd.moe.gov.kh/kh/resources/document/gssds-annual-workshop-2020-Doc
កម្រងរូបភាព៖ http://ncsd.moe.gov.kh/kh/resources/album/gssd-annual-workshop-2020