នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ដោយមានការគាំទ្រពីមូលនិធិអាកាសធាតុបៃតង (GCF) បានរៀបចំសិក្ខាសាលាផ្តល់សុពលភាពស្តីពី យុទ្ធសាស្ត្រ និងផែនការស្តារភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុរបស់ប្រទេសកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ចូលរួមដោយសមាជិកក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ អ្នកជំនាញការជាតិនិងអន្តរជាតិ ដៃគូពាក់ព័ន្ធ សរុបចំនួន ៤០រូប ក្នុងគោលបំណងប្រមូលព័ត៌មានបន្ថែមនិងផ្តល់សុពលភាពលើយុទ្ធសាស្ត្រ និងផែនការស្តារភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុរបស់ប្រទេសកម្ពុជា។
ឯកឧត្តម មាស សុផល បានលើកឡើងពីការងារអាទិភាពដែល ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំសម្រាប់សុក្រឹតកម្មបរិស្ថានចំនួនបី៖ ១) ជំរុញការអប់រំផ្សព្វផ្សាយយុទ្ធនាការកាត់បន្ថយប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ!» ដោយចាប់ផ្តើមពីសិស្សានុសិស្ស នៅតាមសាលារៀនតាមស្រុក បន្តទៅទូទាំងខេត្ត និងទូទាំងប្រទេស និង បាន និងកំពុងយុទ្ធនាការនៅតាមរោងចក្រមួយចំនួន ២) ពង្រីកវិសាលភាពព្រៃឈើ ដោយបង្កើនការដាំដុះ និងផ្តល់កូនឈើចំនួន ១ លានដើម ក្នុង ១ ឆ្នាំជូនប្រជាជនទូទាំងប្រទេស និង ៣) បង្កើតរបៀងទេសចរណ៍ធម្មជាតិ ដើម្បីធានានិរន្តរភាព និងលើកកម្ពស់ជីវភាពសហគមន៍។ សកម្មភាពអាទិភាពទាំងនេះ បាន និងកំពុងចូលរួមអនុវត្តឆ្លើយតបនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ យុទ្ធសាស្រ្តរយៈពេលវែងដើម្បីអព្យាក្រឹតកាបូន ឆ្នាំ២០២១ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
ជាលទ្ធផល អង្គសិក្ខាសាលាបានគាំទ្រនិងឯកភាពលើអត្ថន័យនិងខ្លឹមសារ និងបានផ្តល់សុពលភាពលើយុទ្ធសាស្ត្រ និងផែនការស្តារភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុរបស់កម្ពុជា។ ជំហានបន្ទាប់ ក្រុមការងារនឹងបន្តរៀបចំឯកសារទស្សនទានគម្រោងចំនួន០៣ ដើម្បីបន្តស្វែងរកជំនួយបច្ចេកទេស និងថវិកាពី GCF។
សិក្ខាសាលានេះ ចូលរួមថ្លែងសន្ទរកថាបិទដោយ ឯកឧត្តម ជា ចន្ទន៍ធូ អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ។