លោកជំទាវ អឿន បញ្ចនាថ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបយេនឌ័រ បរិយាបន្នសង្គមទៅក្នុងគោលនយោបាយ និងយុទ្ធសាស្រ្តស្ដីពីការប្រែប្រួលអាកាសធាតុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ ក្រុមការងារទទួលបន្ទុកបញ្ជ្រាបយេនឌ័រតាមវិស័យ​ និងអ្នកពាក់ព័ន្ធ សរុប ៧៧រូប នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។

ថ្លែងក្នុងកម្មវិធីបើក លោកជំទាវ អឿន បញ្ចនាថ បានលើកឡើងអំពីតួនាទីរបស់យេនឌ័រ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការរៀបចំ និងអនុវត្តនូវគោលនយោបាយឆ្លើយនឹងការប្រែប្រួលអាកាសធាតុ ជាអាទិ៍ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៤-២០៣៣ និងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (NDC 3.0)។ លោកជំទាវក៏បានសង្កត់ធ្ងន់អំពីតួនាទីភារកិច្ច និងសារៈសំខាន់នៃការចូលរួមរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តក្រមបរិស្ថាននិងធនធានធម្មជាតិ ក្របកបដោយភាពគ្រប់ជ្រុងជ្រោយ និងប្រសិទ្ធភាព។ 

គួរឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២៥ នៅសណ្ឋាគារសាន់វ៉េ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពនិងការយល់ដឹងដល់អ្នកពាក់ព័ន្ធលើការបញ្រ្ជាបយេនឌ័ទៅក្នុងការកសាងផែនការឆ្លើយតបនឹងប្រែប្រួលអាកាសធាតុរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រកបដោបរិយាបន្ន និងប្រសិទ្ធភាព៕




  • Share on Social Media