នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាជនបង្គោលរេដបូកជាតិ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាលើកកម្ពស់ចំណេះដឹងស្តីពី យន្តការទីផ្សារកាបូន និងមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អគ្គនាយក អគ្គនាយករង លោក លោកស្រីតំណាងស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ វិស័យឯកជន និងក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុជាច្រើនរូបទៀត។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង បង្កើនការយល់ដឹង និងសមត្ថភាពរបស់ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានចំណុះក្រសួងបរិស្ថាន ថ្នាក់អគ្គនាយករង ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ (CCTWG) និងមន្ត្រីពាក់ព័ន្ធ ស្តីពីគោលនយោបាយ បទដ្ឋានគតិយុត្តិថ្នាក់ជាតិ និងក្នុងក្របខ័ណ្ឌអនុសញ្ញាស្តីពីការប្រែប្រួលអាកាសធាតុ រួមទាំង ចំណេះដឹងនិងបទពិសោធន៍ជាក់ស្តែងពីការអនុវត្តនីតិវិធីជាធរមាន នៃវដ្តគម្រោងសម្រាប់ការអនុវត្តយន្តការទីផ្សារកាបូននៅកម្ពុជា។
ថ្លែងទៅកាន់អង្គសិក្ខាសាលា ឯកឧត្តម ជួប ប៉ារីស៍ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព សំដៅឆ្លើយតបទៅ នឹងបំណងប្រាថ្នារបស់ប្រជាជន ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ជាមួយគ្នានេះ តាមរយៈ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» និងឈរលើមូលដ្ឋាននៃគោលនយោបាយ និងយុទ្ធសាស្ត្រជាតិ ដែលមានជាធរមាន ព្រមទាំងក្របខ័ណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ក្រសួងបរិស្ថាន ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី បានរៀបចំ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨» ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជា អាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចគោលដៅយុទ្ធសាស្ត្របញ្ចកោណ គឺ «ជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០»។ ក្រសួងបរិស្ថាន បានប្តេជ្ញាយ៉ាងមុតមាំក្នុងការពង្រឹងសមត្ថភាពរបស់សមភាគីរដ្ឋាភិបាល និងដៃគូវិស័យឯកជន។ ការលើកកម្ពស់ចំណេះដឹង និងការត្រៀមខ្លួននៅរបស់ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ គឺជាគន្លឹះ នូវការធានាថា ប្រទេសកម្ពុជាអាចចូលរួមយ៉ាងពេញលេញ និងទទួលបានអត្ថប្រយោជន៍ពីទីផ្សារកាបូនអន្តរជាតិ។
ឯកឧត្តមបានគូសបញ្ជាក់ទៀត សិក្ខាសាលាថ្ងៃនេះ គឺជាជំហានមួយដើម្បីបង្កើនការយល់ដឹង និងសមត្ថភាពរបស់ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ (CCTWG) ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ អំពីយន្តការទីផ្សារកាបូន គោលនយោបាយ បទដ្ឋានគតិយុត្តិថ្នាក់ជាតិ និងក្របខ័ណ្ឌអនុសញ្ញាស្តីពីការប្រែប្រួលអាកាសធាតុ រួមទាំង ចំណេះដឹងនិងបទពិសោធន៍ជាក់ស្តែងពីការអនុវត្តនីតិវិធីជាធរមាន នៃវដ្តគម្រោងសម្រាប់សម្រាប់ការអនុវត្តមាត្រា៦ និងការអនុវត្តយន្តការទីផ្សារកាបូននៅកម្ពុជា៕