នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣ មន្ដ្រីបច្ចេកទេសនាយកដ្ឋានប្រែប្រួលអាកាសធាតុ បានអមដំណើរ លោក អ៊ុក ណាវ៉ាន់ អគ្គនាយករង នៃអគ្គនាយកដ្ឋាន​គោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន បានចូលរួមជា​អធិបតី​បើកវេទិកាសាធារណៈស្តីពី ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងការប្រែ​ប្រួលជលសាស្រ្តទៅលើជីវភាព និងវិធីសាស្រ្តបន្ស៊ាំរបស់សាហគមន៍នេសាទ នៅភោជនីដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ។

លោក អ៊ុក ណាវ៉ាន់ បានលើកឡើងពីការងារប្រែប្រួលអាកាសធាតុ​និងការចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិដែលបានលើកមុខមាត់របស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ក្នុងនោះលោកបានលើកឡើងផងដែរពីការចូលរួមនៅ CoP28 ដោយបង្ហាញពីជំហរទាំង៧ចំនុចរបស់រាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមជាមួយបណ្តាលប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ជាង ១២០ ប្រទេស អនុម័ត្តលើសេចក្តីថ្លែងប្រកាសរួមស្តីពីប្រពន្ធ័ស្បៀងដែលមានភាពធន់ និរន្តរភាពកសិកម្ម និង សកម្មភាពអាកាសធាតុ។ លោកបានលើកឡើងពីការចរចានានាដែលកំរឹតមិនអោយសីតុណ្ហភាពឡើងលើសពី ១.៥អង្សាសែលស៊ុស ពីព្រោះបើសីតុណ្ហភាណឡើងលើសពី២C នឹងបណ្តាលអោយដួលរលំប្រពន្ធ័អេកូឡូសុីទាំងមូល។ ជាមួយគ្នានេះ លោក​ក៏បានលើកយកពាក្យសម្តីរបស់លោក Antonio Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដែលលើកឡើងថា (We are on a highway to hell with our foot on accelerator) យើងកំពុងបើកបរទៅកាន់​ឋាននរកហើយ យើងនៅតែជាន់ហ្គែរបន្ថែម ដែលសង្កត់ធ្ងន់លើការប្រងើយកន្តើយលើការដោះស្រាយការប្រែប្រួលអាកាសធាតុពីបណ្តាប្រទេសដែលជាអ្នកបង្ករ។

បន្ថែមលើនេះ លោកបានបង្ហាញពីប្រភពថវិកាទាំងអស់ និងពេលវេលាចាប់ផ្តើមកកើតថវិកាទាំងនោះ ទាក់ទងការប្រែប្រួលអាកាសធាតុ សម្រាប់ជាឱកាសទាញយកមកប្រើប្រាស់ជាលទ្ធភាពធ្វើការបន្សាំ។ ចំពោះការងារបន្សាំបន្ទាន់ និងចាំបាច់របស់សហគមន៍នេសាទ គឺការគិតគូរអភិរក្សថែរក្សាប្រពន្ធ័អេកូឡូសុីទាំងទឹកសាបមានទាំងការអភិរក្សព្រៃលិចទឹកនិងព្រៃតំបន់រងទឹកភ្លៀង និងទឹកប្រៃមានការអភិរក្សព្រៃកោងកាង និងដាំស្តារ។ លើសពីនេះ លោកបានសង្កត់ធ្ងន់លើយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន (ស្អាត បៃតង និងចីរភាព) ដែលក្រសួងបរិស្ថានទើបតែបានសម្ភោធដាក់ឱ្យប្រើប្រាស់​នាពេល​កន្លងមក។





 

  • Share on Social Media