នាថ្ងៃព្រហស្បតិ៍ ២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ មន្ដ្រីបច្ចេកទេសនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ដ្រ បានចូលរួមសិក្ខាសាលាស្តីពីការប្រកាសផ្តើមអនុវត្តគម្រោង ការលើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុនៃសហគមន៍ផលិតស្រូវនៅតំបន់បឹងទន្លេសាប (PCRL) នៅសណ្ឋគារសាន់វ៉េ រាជធានីភ្នំពេញ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ក្រោមហិរញ្ញប្បទានឥតសំណងពីមូលនិធិបរិស្ថានពិភពលោក (GEF) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកស្រី Rebeka Bell តំណាងអង្គការ FAO ប្រចាំប្រទេសកម្ពុជា។ សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ ស្ថាប័នថ្នាក់ក្រោមជាតិ(មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរបរិស្ថានខេត្តគោលដៅទាំង៥) ទីភ្នាក់ងារសហប្រជាជាតិ អង្គការ ដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ សហគមន៍កសិករ និងវិស័យឯកជន សរុបចំនួន ៩០នាក់។
គោលបំណងសំខាន់ នៃសិក្ខាសាលារួមមាន៖ ១)បង្ហាញពីទិដ្ឋភាពទូទៅរបស់គម្រោងរួមមាន គោលបំណង សកម្មភាព និងវិធីសាស្ត្រអនុវត្ត ២)ពិភាក្សា និងកំណត់ផែនការសកម្មភាពរួមទាំងសូចនាករក្នុងគោលបំណងនីមួយៗជាមួយភាគីពាក់ព័ន្ធដើម្បីផ្តល់សុពលភាពលើផែនការអាទិភាពរបស់គម្រោង និង៣) ប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធដើម្បីអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាព និងបង្កើនកិច្ចសហការរវាងដៃគូ និងភាគីពាក់ព័ន្ធគ្រប់កម្រិត។
ជាលទ្ធផល ឆ្លងតាមរយៈកិច្ចពិភាក្សាដែលបានផ្តោតសំខាន់ទៅលើប្រធានបទសំខាន់ៗ ដូចជា៖
- ផែនការសកម្មភាព និងថវិការបស់គម្រោង
- ការអនុវត្ត និងការសម្របសម្រួល ការត្រួតពិនិត្យ និងវាយតម្លៃ (M&E) និងផែនការស្វែងរកការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ (វិស័យឯកជន) និង៣)ការងារយេនឌ័រ ការគ្រប់គ្រងចំណេះដឹង និងទំនាក់ទំនង អង្គសិក្ខាសាលាទទួលបានធាតុចូលជាច្រើនពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីក្រុមការងារអនុវត្តគម្រោងពិនិត្យ និងផ្តល់សុពលភាពលើធាតុចូល និងសំណូមពរទាំងនោះដាក់បញ្ជូលទៅក្នុងផែនការសកម្មភាពរបស់គម្រោង។