ចាប់ពីថ្ងៃទី១៣-២២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រី ជាតិ មារតី អនុប្រធានការិយាល័យ នៃនាយកដ្ឋានប្រែប្រួលអាកាសធាតុ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «គម្រោងអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវអន្តរកាលថាមពលស្អាតឆ្ពោះទៅរកសង្គមអព្យាក្រឹតកាបូន» នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ កម្មវិធីនេះមានការសម្របសម្រួលពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដោយមានសមាសភាពចូលរួមតំណាងអាជ្ញាធរអគ្គិសនីកម្ពុជា អគ្គិសនីកម្ពុជា អាជ្ញាធរប្រេងកាតជាតិកម្ពុជា ក្រសួងបរិស្ថាន ក្រសួងរ៉ែនិងថាមពល ក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រុមជំនាញការជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន សរុប ១៤រូប។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ៖

  • សិក្សាស្វែងយល់ពីបច្ចេកវិទ្យាបៃតងទាញយកថាមពលពីនុយក្លេអ៊ែរ អាម៉ូញាក់ និងអ៊ីដ្រូសែន 
  • ដំណើរទស្សនកិច្ចសិក្សាពីបច្ចេកវិទ្យាទំនើបនៅតាមរោងចក្រដៃគូរបស់ក្រុមហ៊ុន Mitsubishi ប្រទេសជប៉ុន។

លទ្ធផលទទួលបានមានដូចខាងក្រោម ៖ 

  • តាមរយៈកិច្ចសហប្រតិបត្តិការរវាង ក្រសួងរ៉ែ និងថាមពល ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ទទួលបានជំនួយគាំទ្រថវិកា និងបច្ចេកទេសពី គម្រោងអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវអន្តរកាលថាមពលស្អាតឆ្ពោះទៅរកសង្គមអព្យាក្រឹតកាបូន (រយៈពេល ១០ឆ្នាំ) ក្នុងការធ្វើអន្តរកាលថាមពលស្អាតដែលជំនួសដោយបច្ចេកវិទ្យាថ្មីក្នុងការទាញយកថាមពល ការផ្ទេរបច្ចេកវិទ្យាពីប្រទេសជប៉ុនមកប្រទេសកម្ពុជា 
  • ការសិក្សារៀនសូត្រពីគោលនយោបាយរបស់រដ្ឋាភិបាលប្រទេសជប៉ុន មានគោលដៅកាត់បន្ថយការប្រែប្រួលអាកាសធាតុ ផ្តោតលើវិស័យថាមពល តាមរយៈការជំរុញនូវបច្ចេកវិទ្យាស្អាតទំនើបទាញយកថាមពលនុយក្លេអ៊ែរ អាម៉ូញាក់ និងអ៊ីដ្រូសែន ដើម្បីជំនួសឱ្យការប្រើប្រាស់ធ្យូងថ្ម។ ជាពិសេស ការប្រើប្រាស់យានយន្តអគ្គិសនី គ្រឿងអេឡិចត្រូនិចដែលសន្សំសំចៃភ្លើង ដូចជា ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនកំដៅ ម៉ាស៊ីនបន្សុទ្ធខ្យល់ អំពូលវៃឆ្លាត ផ្ទះឆ្លាតវៃ និងការរៀបចំទីក្រុងបៃតង គឺជាកត្តាដ៏សំខាន់ចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសឆ្ពោះទៅរកសង្គមអព្យាក្រឹតកាបូនឆ្នាំ២០៥០
  • ដំណើរទស្សនកិច្ចសិក្សាពីបច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យ ប្រព័ន្ធតាមដានសុវត្ថិភាព សង្វាក់ផលិតកម្មបច្ចេកទេសទំនើបនៅតាមរោងចក្រដៃគូរបស់ក្រុមហ៊ុន Mitsubishi ប្រទេសជប៉ុន ដូចជាក្រុមហ៊ុន Mitsubishi Heavy Industry, Toho Gas, Takasago Hydrogen Park, Kawasaki Thermal Power Station, Hitachi Works, Daikin
  • តំណាងក្រសួងរ៉ែ និងថាមពល បានលើកឡើងពីបញ្ហាទាក់ទងនឹងអព្យាក្រឹតកាបូននៅកម្ពុជា ដែលប្រទេសកម្ពុជាបច្ចុប្បន្នគឺទាញយកថាមពលស្អាត ពីថាមពលកកើតឡើងវិញដូចជា វារីអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ ឡជីវៈឧស្ម័ន ជាដើម។ដូច្នេះដំណើរទស្សនកិច្ចសិក្សាពីបច្ចេកវិទ្យានៅប្រទេសជប៉ុន គឺជួយចង្អុលបង្ហាញផ្លូវ និងជាដំណោះស្រាយជួយពង្រីកវិសាលភាពប្រសិទ្ធភាពថាមពលនៅប្រទេសកម្ពុជាឆ្ពោះទៅរកសង្គមអព្យាក្រឹតកាបូន។










  • Share on Social Media