នាថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប មន្ដ្រីជំនាញនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ដ្រ បានចូលរួមជាវាគ្មិនក្នុងកិច្ចសន្ទនាពហុភាគី ក្រោមប្រធានបទស្តីពី «សារៈសំខាន់នៃការទទួលបានព័ត៌មានអំពីការប្រែប្រួលអាកាសធាតុ»  ដែលរៀបចំឡើងដោយយុវជនស្ម័គ្រចិត្តអង្គការកម្មវិធីធនធានយុវជន (YRDP) ក្នុងគោលបំណងដើម្បីពិភាក្សា និងសិក្សាឈ្វេងយល់អំពីក្របខ័ណ្ឌច្បាប់ គោលនយោបាយ និងសកម្មភាពពាក់ព័ន្ធដើម្បីជំរុញការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុប្រកបដោយបរិយាប័ន្ន ជាពិសេសពិភាក្សាពីសារៈសំខាន់ និងយន្តការចាំបាច់នានាក្នុងការទទួលបានព័ត៌មានស្តីពីការប្រែប្រួលអាកាសធាតុ។ កិច្ចសន្ទនានេះមានការនិមន្តនិងចូលរួមពីព្រះសង្ឃ តំណាងអង្គការសង្គមស៊ីវិល និស្សិត តំណាងយុវជនសហគមន៍ក្នុងខេត្តសៀមរាប អ្នកសារព័ត៌មាន និងក្រុមយុវជនស្ម័គ្រចិត្តមកពីរាជធានីភ្នំពេញនិងខេត្តសៀមរាប សរុបចំនួន ៩០ អង្គ/នាក់។ 

កិច្ចសន្ទនានេះទទួលបានលទ្ធផលដូចខាងក្រោម៖

•  ការចែករំលែក និងពិភាក្សាស្តីពី ការអនុវត្តផែនការគោលនយោបាយ និងសកម្មភាពទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាថាប្រជាពលរដ្ឋ ជាពិសេសក្រុមដែលងាយរងគ្រោះពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុអាចទទួលបានព័ត៌មានពេញលេញ 

•  ការធ្វើបទបង្ហាញ និងជែកពិភាក្សាអំពីសារៈសំខាន់និងប្រភពព័ត៌មានប្រែប្រួលអាកាសធាតុនៅកម្ពុជា  ព្រមទាំងសកម្មភាពលើកកម្ពស់ចណេះដឹងស្តីពីការប្រែប្រួលអាកាសធាតុ ដែលបាននិងកំពុងអនុវត្តដោយភាគីពាក់ព័ន្ធ

•  ការចែករំលែក និងជជែកដេញដោលអំពីទស្សនយុវជនចំពោះការទទួលបានព័ត៌មានអំពីការប្រែប្រួលអាកាសធាតុ ដោយយុវជនតំណាងសហគមន៍មូលដ្ឋាន

•  កិច្ចពិភាក្សាបានកំណត់បាននូវកាលានុវត្តភាព និងបញ្ហាប្រឈម ដែលយុវជនអាចចូលរួមក្នុងការផ្សព្វផ្សាយព័ត៌មានប្រែប្រួលអាកាសធាតុឱ្យកាន់តែទូលំទូលាយ

•  យុវជនចូលរួមបានទទួលបានចំណេះដឹងជាមូលដ្ឋានស្តីពីការប្រែប្រួលអាកាសធាតុ ផែនការយុទ្ធសាស្រ្តជាតិ សកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងជាពិសេសការចែករំលែកទស្សនៈនិងតួនាទីរបស់យុវជន និងប្រភពព័ត៌មានច្បាស់លាស់ដែលពួកគេអាចជឿទុកចិត្តដើម្បីធ្វើការសម្រេចចិត្តក្នុងការចូលរួមឆ្លើយតបការប្រែប្រួលអាកាសធាតុ ឱ្យកាន់តែមានប្រសិទ្ធភាព។


  • Share on Social Media