នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅខេត្តសៀមរាប លោក លន់ លីដូ លោក ប៉ិច សុឃីម លោកស្រី កែវ ស្រីមុល ប្រធានការិយាល័យ និងខ្ញុំបាទ ស្រ៊ុន ប៊ុនម៉ា មន្ត្រី នៃនាយកដ្ឋានប្រែប្រួលអាកាសធាតុ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយនិងយុទ្ធសាស្ត្រពាក់ព័ន្ធវិស័យបរិស្ថានដល់ថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម កូប រ៉លី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ឌី រ៉ាដូ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តមបណ្ឌិត ហេង ចាន់ធឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តសៀមរាប តំណាងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ក្នុងខេត្ត សរុបប្រមាណ ៦៥នាក់។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយពាក់ព័ន្ធវិស័យបរិស្ថានដល់ស្ថាប័នជំនាញនៅថ្នាក់ក្រោមជាតិ ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែម សំដៅគាំទ្រការអនុវត្តគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨។ នៅក្នុងសិក្ខាសាលានេះផងដែរ លោក ប៉ិច សុឃីម ប្រធានការិយាល័យសារពើភណ្ឌ និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ បានឡើងធ្វើបទបង្ហាញស្តីពី ការប្រែប្រួលអាកាសធាតុ វិធានការ និងវឌ្ឍនភាពការងារសំខាន់ៗឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដោយបានរំលេចនូវគោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាពសំខាន់ៗដែលសម្រេចបានទាំងថ្នាក់ជាតិ តំបន់ និងអន្តរជាតិ ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ការបន្ស៊ាំ និងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការបញ្ជ្រាបការយល់ដឹងពីការប្រែប្រួលអាកាសធាតុដល់សាធារណជនទូទៅ។ ជាមួយគ្នានេះផងដែរ សិក្ខាកាមដែលអញ្ជើញចូលរួមក៏បានទទួលចំណេះដឹងបន្ថែម ពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ ការរៀបចំផែនការក្នុងវិស័យបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការងារសេដ្ឋកិច្ចបៃតង ការងារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលសុទ្ធសឹងជាការងារស្នូលដើម្បីចូលរួមលើកកម្ពស់ និងសម្រេចបាននូវ «ភាពស្អាត ភាពបៃតង និងចីរភាព» និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅឆ្ពោះទៅសង្គមអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។