នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដមអគ្គនាយកស្ដីទីបានដឹកនាំមន្ដ្រីជំនាញការិយាល័យសារពើភណ្ឌនិងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ នៃនាយកដ្ឋានប្រែប្រួលអាកាសធាតុ ជួបប្រជុំជាមួយ លោកស្រី Karonline Casaer-Diez នាយកប្រចាំតំបន់ផ្នែកគោលនយោបាយអាកាសធាតុនៃក្រុមហ៊ុន South Pole ស្ដីពីកិច្ចសហការមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ។ កំឡុងពេលនៃកិច្ចប្រជុំ លោកស្រី Karoline បានធ្វើបទបង្ហាញខ្លីអំពីគោលបំណង និងបច្ចុប្បន្នភាពរបស់ក្រុមហ៊ុនដែលកំពុងធ្វើការសហការជាមួយបណ្ដាគម្រោងនិងក្រុមហ៊ុនដែលមានបំណងលក់ឥណទានកាបូនក្រោមមាត្រា៦.២ ដែលក្នុងនោះ មានគម្រោងមួយចំនួន ដែលបានចុះបញ្ជីនិងកំពុងត្រៀមចុះបញ្ជី រួមមាន៖ គម្រោងសូឡា គម្រោងចម្រោះទឹក គម្រោងផលិតកម្មដោយចីរភាព និងគម្រោងWastewater biogas។ ទោះជាយ៉ាងនេះ ក្រុមហ៊ុនSouth Pole កំពុងតែស្វែងរកកិច្ចសហការ និងការគាំទ្រពីក្រសួងបរិស្ថានដើម្បីសម្របសម្រួលដល់ដំណើរការចុះបញ្ជីរបស់ក្រុមហ៊ុននិងធានាថាលទ្ធផលនៃអនុវត្ដគម្រោងស្របតាមវិធានប្រតិបត្ដិមាត្រា៦ ដែលទើបតែអនុម័តនាពេលថ្មីៗនេះ។ 

ជាមួយគ្នានេះដែរ ឯកឧត្ដមអគ្គនាយកស្ដីទី បានមានប្រសាសន៍ពាក់ព័ន្ធនឹងស្ថានភាពនៃការរៀបចំឯកសារគតិយុត្ដនិងយុទ្ធសាស្ដ្ររបស់ជាតិ និងការអនុវត្ដគម្រោងឥណទានកាបូននានា រួមមាន៖ វិធានប្រតិបត្ដិមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារិសស្ដីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា យុទ្ធសាស្ដ្រចក្រាវិស័យបរិស្ថាន ការចុះអនុស្សរណៈនៃការយោគយល់ជាមួយសិង្ហបុរីដើម្បីអនុវត្ដគម្រោងក្រោមមាត្រា៦ ការត្រៀមចុះអនុស្សរណៈនៃការយោគយល់ជាមួយភាគី ការអនុវត្ដយន្ដការឥណទានកាបូនរួម(JCM) ក្រោមកម្មវិធី REDD+ គម្រោងចង្រ្កានចម្អិនរបស់ក្រុមហ៊ុនACE ជាដើម។ 

ជាលទ្ធផលនៃកិច្ចប្រជុំ៖ 

- ក្រុមហ៊ុន South Pole នឹងផ្ដល់ជូននូវឯកសារទស្សនទានរបស់គម្រោងទាំង៤ខាងលើមកកាន់ក្រសួងបរិស្ថានដើម្បីអាចមានលទ្ធភាពរៀបចំកំណត់បង្ហាញជូនឯកឧត្ដមរដ្ឋមន្ដ្រី ស្វែងរកការពិភាក្សានិងការគាំទ្របន្ថែម

- ក្រុមហ៊ុន South Pole នឹងចែករំលែកនូវគំរូលិខិតពីការអនុវត្ដគម្រោងឥណទានកាបូនពីវិស័យដឹកជញ្ជូនតាមរយៈរថយន្ដក្រុងអគ្គិសនីនៅទីក្រុងបាងកក របស់ប្រទេសថៃ

- ស្នើសុំព័ត៌មានបច្ចុប្បន្នភាពរបស់គម្រោងក្រោមយន្ដការអភិវឌ្ឍន៍ស្អាត (CDM) ពីក្រុមហ៊ុន South Pole ដើម្បីមានលទ្ធភាពបន្ដការតាមដាននិងត្រួតពិនិត្យទៅតាមគម្រោងគោលដៅនីមួយៗ ព្រមទាំងជូនដំណឹងពីការប្រែក្លាយពីយន្ដការCDMទៅក្រោមមាត្រា៦.២ និងមាត្រា៦.៤

- ស្នើសុំការកសាងសមត្ថភាពដល់មន្ដ្រីជំនាញពាក់ព័ន្ធនឹងការប្រែក្លាយការអនុវត្ដយន្ដការ CDM ទៅក្រោមមត្រា៦។ 



  • Share on Social Media