នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ កញ្ញា ឌីន ភារុណ និងខ្ញុំបាទ ស្រ៊ុន ប៊ុនម៉ា មន្ត្រីការិយាល័យវាយតម្លៃភាពងាយរងគ្រោះ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ បានចូលរួមវេទិកាថ្នាក់ជាតិ ស្តីពីសកម្មភាពប្រែប្រួលអាកាសធាតុដោយគិតគូរពីបរិយាបន្នពិការភាព ដែលរៀបចំឡើងដោយអង្គការជនពិការកម្ពុជា ក្រោមការគាំទ្រពីមូលនិធិទីភ្នាក់ងារសហរដ្ឋអាមេរិក (USAID) តាមរយៈអង្គការសង្គ្រោះកុមារអន្តរជាតិ (Save the Children)។

វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ទូច សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពីតំណាងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងផែនការ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ឆ្នាំង និងខេត្តកោះកុង សមាជិកអង្គការតំណាងជនមានពិការភាព និងអង្គការសង្រ្គោះកុមារអន្តរជាតិ សរុបប្រមាណ ៥០នាក់។ វេទិកានេះរៀបចំឡើងក្នុងគោលបំណង៖ ១)ចែករំលែក និងធ្វើបច្ចុប្បន្នភាពនូវវឌ្ឍនភាពការអនុវត្តគម្រោងនៅខេត្តគោលដៅ ២)ផ្សព្វផ្សាយលទ្ធផលកិច្ចប្រជុំបណ្តាញអង្គការតំណាងជនមានពិការភាពដែលបានរៀបចំនៅខេត្តសៀមរាប ដើម្បីដាក់ជូនអ្នកពាក់ព័ន្ធពិនិត្យ និងផ្តល់ធាតុចូលបន្ថែម និង៣)បង្កើនកិច្ចសហប្រតិបត្តិការរវាងអង្គការជនពិការកម្ពុជា និងក្រសួង ស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធ។

ជាលទ្ធផល បន្ទាប់ពីបានពិនិត្យលើលទ្ធផលសំខាន់ៗទាំង១១ចំណុច ដែលបានលើកឡើងដោយតំណាងជនមានពិការភាព អំពីបញ្ហាប្រឈម តម្រូវការ និងដំណោះស្រាយរបស់ពួកក្នុងការឆ្លើយតបគ្រោះមហន្តរាយដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ វេទិកាថ្ងៃនេះបានធ្វើការកំណត់ជារួមនូវបញ្ហាចម្បងៗ ដើម្បីដាក់ជូនក្រសួង ស្ថាប័នពាក់ព័ន្ធ ពិនិត្យ និងផ្តល់ធាតុចូលបន្ថែម ដើម្បីទទួលបាននូវដំណោះស្រាយដែលសមស្រប និងមានប្រសិទ្ធភាព ហើយអាចធានាបានថា ជនមានពិការភាពនឹងត្រូវបានយកចិត្តទុកដាក់នៅក្នុងដំណើរការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពនានា ឆ្លើយតបនឹងហានិភ័យគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ។





 

  • Share on Social Media