នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប មន្ត្រីការិយាល័យវាយតម្លៃភាពងាយរងគ្រោះ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនៃនាយកដ្ឋានប្រែប្រួលអាកាសធាតុ បានចូលរួមសិក្ខាសាលាចែករំលែកបទពិសោធន៍ស្តីពី «ការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ នៅតំបន់ទេសភាពខាងជើងនៃប្រទេសកម្ពុជា» ដែលរៀបចំឡើងដោយក្រុមការងារអនុវត្តគម្រោង «ការបញ្ជ្រាបការគ្រប់គ្រងធនធានធម្មជាតិទៅក្នុងតំបន់ទេសភាពនៃព្រៃធម្មជាតិនិងផលិតភាពធម្មជាតិនៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា (INRM)»។ សិក្ខាសាលាខាងលើប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក យុន លីនណេ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉េង មុនីរក្ស អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ និងលោក លោកស្រី តំណាងអគ្គនាយកដ្ឋានជំនាញ នៃក្រសួងបរិស្ថាន គ្រឹៈស្ថានអប់រំ តំណាងមន្ទីរបរិស្ថានខេត្តសៀមរាប កំពង់ធំ និងព្រះវិហារ តំណាងសហគមន៍តំបន់ការពារធម្មជាតិជាតិគោលដៅគម្រោង និងអង្គការជាតិ អន្តរជាតិ និងដៃគូពាក់ព័ន្ធសរុបចំនួន ៧០នាក់។ 

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បី ១)ចែករំលែកមេរៀន បទពិសោធន៍ ស្តីពីការអភិរក្សជីវៈចម្រុះ និងការស្តារប្រព័ន្ធអេកូឡូស៊ីនៅតំបន់ទេសភាព ២)ពង្រឹងកិច្ចសហការក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងមុខងាររបស់តំបន់ការពារទេសភាព និង៣)ផ្សព្វផ្សាយពីសមិទ្ធផល និងវឌ្ឍនភាពសំខាន់ៗរបស់គម្រោង INRM។ ជាមួយគ្នានេះដែរ ប្រធានបទសំខាន់ៗចំនួន៦ ត្រូវបានលើកមកបង្ហាញដើម្បីចែករំលែកដល់អ្នកចូលរួមនូវចំណេះដឹង បទពិសោធន៍ល្អៗ និងបញ្ហាប្រឈមដែលបាន និងកំពុងជួបប្រទះតាមរយៈការអនុវត្តគម្រោងពាក់ព័ន្ធកន្លងមក។ ទន្ទឹមនឹងនេះ អង្គសិក្ខាសាលាក៏បានចូលរួមពិភាក្សា ផ្តល់មតិយោបល់លើយន្តការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនិងសកម្មភាពការងារអាទិភាពសំខាន់ៗដើម្បីចូលរួមឱ្យការអនុវត្តការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការលើកកម្ពស់ជីវភាពសហគមន៍ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ចូលរួមសម្រេចបាននូវការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨។ 




  • Share on Social Media