ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានជម្រាបជូនរដ្ឋមន្រ្តីទទួលបន្ទុកការងារអាស៊ីនៃចក្រភពអង់គ្លេសថា កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយដែលកម្ពុជាមានជាបុរេលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវ:ចម្រុះ និងជាជាពិសេសការងារគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃកាន់តែមានភាពល្អប្រសើរ  ដែលជាឱកាសទទួលបានប្រាក់ចំណូលពីការលក់ឥណទានកាបូន និងលើកកម្ពស់ថាមពលស្អាត។

ការថ្លែងនេះធ្វើឡើងនៅក្នុងជំនួបទ្វេភាគីជាមួយលោកជំទាវ Amanda Milling រដ្ឋមន្រ្តីទទួលបន្ទុកការងារអាស៊ីនៃចក្រភពអង់គ្លេស នៅទីក្រុង Glasgow ចក្រភពអង់គ្លេសនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ នេះក្នុងក្របខណ្ឌនៃការចូលរួមសន្និសីទកំពូលនៃភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ។ 

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុងសន្និសីទកំពូលនៃភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ នៅចក្រភពអង់គ្លេស។

ក្នុងឱកាសជួបពិភាក្សានោះ លោកជំទាវ រដ្ឋមន្រ្តីបានថ្លែងអំណរគុណនិងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង។ ភាគីទាំងពីរបានប្តេជាចិត្ត បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។


  • Share on Social Media