នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នាយកដ្ឋានប្រែប្រួលអាកាសធាតុ សហការជាមួយកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុ (CCCA3) បានចុះទៅពិនិត្យទីតាំងអនុវត្តគម្រោងរបស់អង្គការ Nexus Carbon for Development ដើម្បីជួបប្រជុំពិភាក្សាជាមួយអ្នកជំនាញ និងត្រួតពិនិត្យប្រតិបត្តិការគម្រោង Waste to energy using biomass gasification in South East Asia LDCs programme of activities Project នៅខេត្តព្រៃវែង។
កិច្ចពិភាក្សានេះមានគោលបំណង
១-ចុះប្រមូលទិន្នន័យ និងធ្វើបច្ចុប្បន្នភាពរបាយការណ៍វឌ្ឍនភាពគម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្រោមយន្តការអភិវឌ្ឍន៍ស្អាត (CDM)
២-ត្រួតពិនិត្យតាមដានកិច្ចសហប្រតិបត្តិការផ្ទេរឥណទានកាបូន (Carbon Emission Reduction)
៣-សិក្សាស្វែងយល់អំពីបញ្ហាប្រឈមរបស់គម្រោងនីមួយៗក្នុងអំឡុងពេលអនុវត្តន៍ និងកត់ត្រារាល់សកម្មភាពល្អៗ ដែលគម្រោងបានអនុវត្តកន្លងមក
ជាលទ្ធផល៖
- ក្រុមការងារបានចុះជួបប្រជុំពិភាក្សាពិគ្រោះយោបល់ជាមួយមន្ទីរបរិស្ថានខេត្តព្រៃវែង ពាក់ព័ន្ធទៅនឹងគម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្រោមយន្តការអភិវឌ្ឍន៍ស្អាតនៅក្នុងខេត្តព្រៃវែង។ កន្លងមកមន្ទីរមិនធ្លាប់បានទទួលព័ត៌មានពីការអនុវត្ដគម្រោងរបស់អង្គការ Nexus នេះទេ ដោយគ្រាន់តែធ្លាប់មានបុគ្គលិកអង្គការ CEDAC មកជួបជាមួយតំណាងមន្ទីរ ជជែកនិងធ្វើបច្ចុប្បន្នភាពពីបញ្ហាប្រឈមដែលអង្គការជួបប្រទះមុនពេលអនុវត្ដគម្រោង (ខ្វះការចូលរួម និងធនធាន) ជាលទ្ធផលគម្រោងមិនអាចដំណើរការបាន
- ក្រុមការងារបានជួបប្រជុំជាមួយតំណាងអង្គការ Nexus Carbon for Development សង្ខេបអំពីសាវតាគម្រោង និងគោលបំណងនៃការចុះប្រមូលទិន្នន័យគម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្រោមយន្តការអភិវឌ្ឍន៍ស្អាត (CDM) ដើម្បីបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធគ្រប់គ្រងត្រួតពិនិត្យតាមដានវឌ្ឍនភាព (Online NDC Tracking System) នៃរបាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (Updated NDC)
- គម្រោងនេះបានចុះបញ្ជីតាំងពីឆ្នាំ២០១៦ ហើយគម្រោងនេះបានទទួលអនុវត្តដោយអង្គការ CEDAC ប៉ុន្តែមិនមានការរាយការណ៍ផ្លូវការណាមួយនោះទេ ពីមូលហេតុនៃការខកខានក្នុងការអនុវត្ដគ្រោងនេះ
- ជារួម ពាក់ព័ន្ធនឹងភាពមិនអាចអនុវត្ដបាននៃគម្រោងបណ្ដាលមកពីបញ្ហាប្រឈម ដូចជា៖ បច្ចេកវិទ្យាមិនសូវពេញនិយម គ្រឿងម៉ាស៊ីននិងសេវាថែទាំមានតម្លៃថ្លៃ និងការប៉ាន់ប្រមាណឥណទានកាបូនបានមកពីការអនុវត្ដគ្រោងមិនឆ្លើយតបទៅនឹងសំណើគម្រោងដែលបានរៀបចំចុះបញ្ជីរួច។