«ខេត្តសៀមរាប» នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (NCDD-S) បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការអនុវត្តគំរោង «ការកាត់បន្ថយភាពងាយរងគ្រោះនៃជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជានៅជនបទតាមរយៈការពង្រឹងផែនការប្រែប្រួលអាកាសធាតុនៅថ្នាក់ក្រោមជាតិ និងអនុវត្តសកម្មភាពអាទិភាព» ដែលមានរយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៥ដល់២០១៩ មានថវិកាប្រមាណ ៤,៥លានដុល្លាអាមេរិក
ដោយមានការចូលរួម ពីឯកឧត្តម សង់ រីហា អភិបាលរងនៃគណៈអភិបាលខេត្ត និងមន្ត្រីតំណាងរដ្ឋបាលខេត្ត មន្ទីរបរិស្ថាន មន្ទីរកសិកម្មខេត្ត មន្ទីរកិច្ចការនារី មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរសុខាភិបាល និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សរុបចំនួន១៩នាក់។ គោលបំណងនៃកិច្ចប្រជុំនេះ ១) ផ្តល់ព័ត៌មានអំពីគម្រោង ២) ពិភាក្សាអំពីទីតាំងស្រុកដែលត្រូវអនុវត្តគម្រោង ៣) កំណត់អ្នកចូលរួមក្នុងសិក្ខាសាលាបើកគម្រោងនៅរាជធានីភ្នំពេញ និង ៤) ពិភាក្សាអំពីការរៀបចំសិក្ខាសាលាថ្នាក់ខេត្ត។