ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោក លន់ លីដូ ប្រធានការិយាល័យ និងលោកស្រី គី ចាន់និមល ប្រធានការិយាល័យនៃនាយកដ្ឋានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា បានចូលរួមកិច្ចប្រជុំលើកទី២ នៃក្រុមការងារស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព(Working Group on Trade and Sustainable Development) សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ កិច្ចប្រជុំនេះ រៀបចំដោយលេខាធិការដ្ឋានអាស៊ាន ក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងនៃជំពូកស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព ជាមួយភាគីកាណាដា ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៥។ កិច្ចប្រជុំនេះត្រូវបានសហដឹកនាំដោយលោកស្រី Riena Dwi Astuty លេខាធិការ នៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ និងសន្ធិសញ្ញាអន្តរជាតិនៃក្រសួងការបរទេសឥណ្ឌូនេស៊ី និងលោកស្រី Nadine Nickner តំណាងក្រុមការងារចរចារពាណិជ្ជកម្ម និងគោលនយោបាយ នៃក្រសួងការបរទេសកាណាដា ព្រមទាំងមានការចូលរួមពីមន្ត្រីជំនាញរបស់ប្រទេសជាសមាជិកអាស៊ាន-កាណាដា និងមន្រ្តីមន្រ្តីសម្របសម្រួលរបស់លេខាធិការដ្ឋានអាស៊ានសរុប ចំនួន៤៥នាក់។
កិច្ចប្រជុំលើកទី២ នេះទទួលបានលទ្ធផល៖
១-ភាគីទាំងពីរ (អាស៊ាន-កាណាដា) បានបញ្ជាក់នូវជំហរពីវិធីសាស្រ្ត និងហេតុផលក្នុងការស្វែងរកនូវចំណុចរួម នៃជំហររវាងអាស៊ាន-កាណាដា និងភាពបត់បែនលើចំណុចដែលមិនទាន់មានការឯកភាពគ្នា ដើម្បីពន្លឿនការចរចារឈានដល់ការបញ្ចប់ត្រឹមចុងឆ្នាំ២០២៥។
២-បានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងនៃជំពូកស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលរៀបចំដោយភាគីអាស៊ាន និងកាណាដា ដោយផ្តោតសំខាន់លើបញ្ញាត្តិចំនួន៣ គឺ ផ្នែកពាណិជ្ជកម្ម (inclusive Trade) ការងារ (Labour) និងបរិស្ថាន (Environment)
៣-ភាគីកាណាដាបានយល់ស្របតាមសំណើរបស់អាស៊ានក្នុងការសម្រេចលើទម្រង់សេចក្តីព្រាងអត្ថបទនៃវិស័យទាំង៣រួមមាន ពាណិជ្ជកម្មប្រកបដោយបរិយាប័ន្ន (Inclusive Trade) បរិស្ថាន (Environment) និងការងារ(Labour) ស្ថិតនៅក្រោមជំពូកតែមួយស្តីពីTSD។
៤- បានសម្រេចរៀបចំកិច្ចប្រជុំលើកទី១២ របស់គណៈកម្មាធិការកិច្ចចរចាពាណិជ្ជកម្ម នៅដើមខែមីនា ឆ្នាំ២០២៥ និងកំណត់កិច្ចប្រជុំលើកទី៣ របស់ក្រុមការងារ TSD នៅចុងខែឧសភា ឆ្នាំ២០២៥។
៥.បានយល់ស្របឱ្យមានជនបង្គោលម្នាក់ក្នុងមួយប្រទេសដើម្បីសម្របសម្រួលជាមួយក្រុមការងារផ្នែកពាណិជ្ជកម្មប្រកបដោយបរិយាប័ន្ន បរិស្ថាន និងការងារ។
សូមបញ្ជាក់ថា៖ ប្រតិភូកម្ពុជា មានចំនួន៦ រូប ដែលដឹកនាំដោយក្រសួងពាណិជ្ជកម្ម ២ រូប ប្រតិភូក្រសួងការងារ ២រូប និង ក្រសួងបរិស្ថាន ២រូប។