«សកម្មភាពប្រែប្រួលអាកាសធាតុ គឺជាការងារមួយដែលត្រូវការផែនការរយៈពេលវែង គោលដៅច្បាស់លាស់ ប្រកបដោយមហិច្ឆតា ហេតុនេះហើយការរៀបចំបង្កើតយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងដែលបញ្ចេញឧស្ម័នតិច នឹងក្លាយជាជោគជ័យថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា ដើម្បីឈានដល់អព្យាក្រឹតភាពកាបូនក្នុងរយៈពេលពីរ បីទសវត្សរ៍ខាងមុខនេះ ក្នុងគោលដៅសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ សង្គម និងបរិស្ថាន» នេះជាការលើកឡើងរបស់ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការ  នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ​​​អភិវឌ្ឍន៍ដោយចីរភាព​ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុដើម្បីពិនិត្យ និងពិភាក្សាអំពីយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកប​ដោយ​អព្យាក្រឹតកាបូន នាថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈវីដេអូពីចម្ងាយ។

ឯកឧត្តមបានបន្ថែមទៀតថា ប្រទេសកម្ពុជាបន្តរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុដូចជា របបទឹកភ្លៀងដែលមិនអាចទាយទុកជាមុនបាន និងគ្រោះរាំងស្ងួតញឹកញាប់ ដែលផ្តល់ផលប៉ះពាល់ដល់វិស័យកសិកម្ម ជលផល ហេដ្ឋារចនាសម្ព័ន្ធ ធនធានធម្មជាតិ និងបរិស្ថាន ហើយជំងឺកូវីដ១៩ បង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត។ ការរួមបញ្ចូលគ្នានៃរោគរាតត្បាត និងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរនេះ បង្ហាញយើងថា ប្រទេសកម្ពុជាត្រូវរៀបចំផែនការមាគ៌ាអភិវឌ្ឍន៍ដែលមានភាពធន់នឹងកាត់បន្ថយផលប៉ះពាល់ពីបញ្ហាទាំងនេះ។ ថ្វីត្បិតតែប្រទេសកម្ពុជារួមចំណែកតិចតួចក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក៏ដោយ ក៏យើងចង់ដឹកនាំជាគំរូ និងចូលរួមចំណែកដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នក្នុងពិភពលោក និងកាត់បន្ថយការប្រែប្រួលអាកាសធាតុស្របតាមធនធាន និងសមត្ថភាពរបស់យើង។

ឯកឧត្តមបានគូសបញ្ជាក់ទៀតថា តាមរយៈមហិច្ឆតាទាំងនេះប្រទេសកម្ពុជា បានរៀបចំ និងដាក់ជូន របាយការណ៍បច្ចុប្បន្នភាព Updated NDC ទៅលេខាធិការដ្ឋាន UNFCCC នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ បន្ថែមលើសពីពេលនេះ យើងបាននិងកំពុងរៀបចំ និងប្រមូលធាតុចូលបន្ថែមលើយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ដើម្បីដាក់ជូនលេខាធិការដ្ឋាន (UNFCCC) មុនកិច្ចប្រជុំ COP26 ដែលគ្រោងរៀបចំនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។ ដើម្បីសម្រេចបានគោលដៅនេះ យើងនឹងត្រូវការវិស័យព្រៃឈើ និងការប្រើប្រាស់ដី ដែលដើរតួយ៉ាងសំខាន់ក្នុងការផ្តល់នូវអាងស្រូប កាបូនជាមួយនឹងការផ្តល់អាទិភាពលើការបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ និងធានានូវការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព។ វិស័យសំខាន់មួយទៀតគឺវិស័យថាមពល ដែលមានសារៈសំខាន់ដើម្បីធានាថាសក្តានុពលថាមពលកកើតឡើងវិញរបស់ប្រទេសកម្ពុជាត្រូវបានប្រើប្រាស់ ហើយថាមពលត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។ យើងត្រូវការរថយន្តអគ្គិសនី និងការដឹកជញ្ជូនសាធារណៈបន្ថែមទៀតនៅក្នុងទីក្រុង។ នៅក្នុងវិស័យកសិកម្ម យើងត្រូវបង្កើនផលិតភាពនៃវិស័យកសិកម្ម ដើម្បីធានាបាននូវការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើដោយឆ្ពោះទៅរកការអនុវត្តការដាំដុះដែលបញ្ចេញឧស្ម័នមេតានតិច។នៅក្នុងវិស័យសំណល់ គន្លឹះសំខាន់គឺកាត់បន្ថយការបង្កើតសំណល់ ពង្រីកការប្រមូលសំណល់ដោយការធ្វើប្រព្រឹត្តិកម្មប្រកបដោយប្រសិទ្ធភាពនូវសំណល់សរីរាង្គ និងគ្រប់គ្រងទីលានចាក់សំរាមឱ្យបានល្អដោយការស្រូវយកឧស្ម័នពីទីលានចាក់សំរាម។

ឯកឧត្តមបានបន្ថែមទៀត នៅក្នុងដំណើរការឧស្សាហកម្មនិងការប្រើប្រាស់ផលិតផល វាមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នក្នុងវិស័យស៊ីម៉ងត៍ ហើយឆ្ពោះទៅរកការប្រើប្រាស់ទូរទឹកកកនិងម៉ាស៊ីនត្រជាក់ដែលប្រើប្រាស់សមាសធាតុត្រជាក់មានសក្តានុពលក្នុងការបញ្ចេញកម្ដៅផែនដីទាប។ ឯកឧត្តមបាន បានសង្កត់ធ្ងន់ថា កិច្ចប្រជុំថ្ងៃនេះ នឹងពិនិត្យមើលសកម្មភាព សេណារីយ៉ូផ្សេងៗ និងធាតុចូលនានា ពីអ្នកជំនាញ ទីប្រឹក្សាជាតិ អន្តរជាតិ និងជាពិសេសពីក្រសួងស្ថាប័នពាក់ព័ន្ធនានា ដើម្បីពិនិត្យអំពីស្ថានភាពសេដ្ឋកិច្ច សង្គម និងបរិស្ថាន ស្របតាមបរិបទនៃប្រទេសកម្ពុជា ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ដោយកាត់បន្ថយការបញ្ចេញឧស្ម័ន ហើយទីបំផុតទទួលបាននូវអព្យាក្រឹតកាបូន។  

គូសបព្ជាក់ផងដែរថា កិច្ចប្រជុំនេះរៀបចំដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) ដោយមានការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុ (CCCA) ក្រោមការដឹកនាំ និងសម្របសម្រួលការពិភាក្សាដោយ លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ និងដោយមានការចូលរួមពីទីប្រឹក្សាជាតិ និងអន្តរជាតិដែលទទួលបន្ទុកលើវិស័យ​នីមួយៗ ក្រសួង ស្ថាប័នពាក់ព័ន្ធ លោក លោកស្រី ជាសមាជិកក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ តំណាងទូត ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន ស្ថាប័នសិក្សា និងអ្នកពាក់ព័ន្ធផ្សេងៗចំនួន ១០៥រូប ។ ជាកិច្ចបិទបញ្ចប់កម្មវិធី  ឯកឧត្តម ជា ចន្ទន៍ធូ អគ្គលេខាធិការរង ក.ជ.អ.ច. បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ដូចជា ចក្រភពអង់គ្លេស ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) ទីភា្នក់ងារបារាំងដើម្បីអភិវឌ្ឍន៍ (AFD) អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និង កម្មវិធីអភិវឌ្ឍន៍នៃសហប្រជាជាតិ (UNDP) ដែលបានជួយជ្រោមជ្រែងក្នុងដំណើរការអភិវឌ្ឍឯកសារយុទ្ធសាស្រ្តដ៏មានសារៈសំខាន់មួយនេះ។






















 

  • Share on Social Media