ក.ជ.អ.ច. វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗ ក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ

ទីស្តីការក្រសួងបរិស្ថាន៖ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) បានដឹកនាំកិច្ចប្រជុំលើកទី៤ នៃ ក.ជ.អ.ច. ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធានទី១ ឯកឧត្តមអនុប្រធានទី២ និងសមាជិក សមាជិកាសរុប ៦៣រូប មកពីក្រសួង-ស្ថាប័ន តំណាងរដ្ឋបាលរាជធានី-ខេត្ត និងស្ថាប័នជំនាញ។

អង្គប្រជុំបានសាទរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់ ក.ជ.អ.ច  រហូតទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់រួមមាន៖ ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការ ប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៤-២០៣៣  (CCCSP 2024-2033)។  ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ (NDC3.0)ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ របាយការណ៍តម្លាភាពពីរឆ្នាំម្តងលើកទី១(BTR1) ដែលបានដាក់ជូនលេខាធិការដ្ឋានអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ និងបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិង ប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាស្តីពីច្បាប់សមុទ្រ(BBNJ)។ ការងារការកៀរគរធនធាន និងយុទ្ធសាស្រ្ដការទូតវបរិស្ថាន និងសមិទ្ធផលជាច្រើនទៀត។

ឯកឧត្តមរដ្ឋមន្ត្រីក្នុងនាមជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានថ្លែងអំណរគុណចំពោះ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម្ពុជា ដែលផ្តល់ការគាំទ្រ និងផ្តល់ការណែនាំជាយុទ្ធសាស្ត្រ និង អរគុណដល់សមាជិក សមាជិកា ទាំងអស់ដែលបានរួមគ្នាគិត រួមគ្នាធ្វើ ទើបសម្រេចបានជាលទ្ធផលដ៏ត្រជះត្រចង់នេះឡើង និងជាយុទ្ធសាស្ត្រដ៏មុតស្រួចរបស់កម្ពុជា ក៏ដូចជាការបង្ហាញនូវឆន្ទៈនយោបាយជូនដល់សហគមន៍អន្តរជាតិ ក្នុងការចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឆ្លើយតបនឹងការបប្រែប្រួលអាកាសធាតុ ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសមានអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។

ស្របគ្នានេះ ឯកឧត្តមប្រធានអង្គប្រជុំ ក៏បានលើកពីវឌ្ឍនភាពនៃការរៀបចំ និងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនៅខ្នងផ្សារ និងទេទឹកពុះនៅក្នុងខេត្តកំពង់ស្ពឺ ដែលជាភាពជាក់ស្តែងមួយនៃការណែនាំនិងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតី ក្នុងការអភិវឌ្ឍដោយចីរភាពប្រកបដោយការចូលរួមពីប្រជាសហគមន៍មូលដ្ឋាន ដើម្បីឧត្តមប្រយោជន៍ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប៕





  • Share on Social Media