ភ្នំពេញ ៖ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៏ដោយចីរភាព សហការជាមួយ ក្រុមហ៊ុន Dynamic Technologies និងក្រុមហ៊ុន Urbanetic រៀបចំសិក្ខាស្តីពីការកសាងមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាពវៃឆ្លាត និងគួរឱ្យចង់រស់នៅសម្រាប់ថ្ងៃអនាគត ក្រោមអធិបតីភាព ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្រ្តីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ។
ឯកឧត្តម សូ ខនឬទ្ធីគុណ មានប្រសាសន៍ថា ក្រសួងបរិស្ថានក៏ដូចជាក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយសួងស្ថាប័ន អង្គការដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ក្នុងការរៀបចំនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍន៍បៃតង ព្រមទាំងវិធីសាស្រ្តរៀបចំផែនការយុទ្ធសាស្រ្តទីក្រុងបៃតង និងផែនការអភិវឌ្ឍន៍ទីក្រុងនិរន្តរភាពសម្រាប់រាជធានីភ្នំពេញ ឆ្នាំ២០១៨-២០៣០ ដើម្បីជំរុញការអភិវឌ្ឍដោយចីរភាពរបស់កម្ពុជា ជាពិសេសដើម្បីលើកកម្ពស់ការអភិវឌ្ឍទីក្រុងទីប្រជុំជនប្រកបដោយនិរន្តរភាព ។ ម្យ៉ាងវិញទៀត ទីក្រុងជាកម្លាំងម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ ពីព្រោះថាទីក្រុងជាមជ្ឈមណ្ឌលនៃការប្រើប្រាស់ធនធានដ៏ច្រើន ដែលក្នុងនោះរួមមានធនធានថាមពល ទឹក និងធនធានធម្មជាតិផ្សេងៗទៀត ត្រូវបានប្រើប្រាស់ច្រើនក្នុងវិស័យឧស្សាហកម្ម និងសម្រាប់ការរស់នៅក្នុងទីក្រុង ។
ឯកឧត្តម រដ្ឋលេខាធិការបញ្ជាក់ថា សិក្ខាសាលានេះសង្កត់ធ្ងន់ទៅលើចំនុចសំខាន់ៗ ចំនួន៣ដូចខាងក្រោម៖
១). ការធ្វើអោយប្រសើរឡើងនូវផែនការទីក្រុង និងការអនុវត្តឧបករណ៍វិទ្យាសាស្រ្តសម្រាប់ការអភិវឌ្ឍដោយចិរភាព និងបរិស្ថានសំណង់បៃតង៖ ដើម្បីសម្រេចនូវចក្ខុវិស័យរបស់ទីក្រុងទីប្រជុំជន ក្របខណ្ឌច្បាប់ និងបទបញ្ញត្តិសមស្រប ការធ្វើផែនការទីក្រុងដែលមានហេដ្ឋារចនាស្រាប់សម្ព័ន្ធ និងការពង្រឹងសមត្ថភាពបច្ចេកទេស
២). ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្រុងប្រកបដោយនិរន្តរភាព៖ ដើម្បីបំពេញតម្រូវការជាមូលដ្ឋានរបស់ទីក្រុង និងលើកកម្ពស់សុខមាលភាព ការប្រគួតប្រជែង ផែនការវិនិយោគតាមវិស័យ និងការរៀបចំផែនការមេទីក្រុងប្រកបដោយបរិយាប័ន្ន
៣). ធានាឱ្យបាននូវនគនរូបនីយកម្មប្រកបដោយបរិយាប័ន្ន៖ ទីប្រជុំជនវិសមភាពគំរាមគំហែងដល់និរន្តភាពនៃការអភិវឌ្ឍ និងសង្គម។ ចក្ចុវិស័យនៃការបរិយាប័ន្នដោយមានរាប់បញ្ជូលនូវសេដ្ឋកិច្ច ការពង្រីកទីក្រុង និងបរិយាប័ន្នសង្គមនឹងរួមចំណែកការពារហានិភ័យផ្សេងៗ នៃការរៀបចំ និងការអភិវឌ្ឍទីក្រុងទីប្រជុំជន។
សូមបញ្ជាក់ថា សិក្ខាសាលាស្ដីពី «ការកសាងមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាព វៃឆ្លាត និងគួរឱ្យចង់រស់នៅសម្រាប់ថ្ងៃអនាគត» គឺជាសក្ខីភាពបញ្ជាក់នូវស្មារតីឯកភាពគ្នាលើភាពចាំបាច់ក្នុងការបន្តការធ្វើទំនើបកម្មស្ថាប័ន និងការធ្វើកំណែទម្រង់ក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិបន្ថែមទៀត ពិសេសគឺការកសាងសមត្ថភាពមន្ត្រីរាជការ។ សិក្ខាសាលានេះមានគោលបណងដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពីកម្មវិធី 3D GIS ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ការអភិវឌ្ឍដោយចីរភាព និងការធ្វើឱ្យប្រសើរឡើងក្នុងការរៀបចំទីក្រុងទីប្រជុំជន៕