នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ លោក លៀង សុផល អនុប្រធាននាយកដ្ឋាន មន្ត្រីការិយាល័យវាយតម្លៃភាពងាយរងគ្រោះ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ដ្រ និងមន្ដ្រីជំនាញរបស់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3) បានចូលរួមក្នុងសិក្ខាសាលាចែករំលែកលទ្ធផលស្រាវជ្រាវ នៃគម្រោង ការវិនិយោគលើការគ្រប់គ្រងកាបូនសរីរាង្គដីដើម្បីនិរន្តរភាពនៃការធ្វើកសិកម្មនៅតំបន់ខ្ពង់រាប (ISOC) ដែលរៀបចំឡើងដោយសាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពការប្រែប្រួលអាកាសធាតុកម្ពុជា​​​ ដំណាក់កាលទី៣ (CCCA3) នៅទីរួមខេត្តបាត់ដំបង។

សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង និងមានការអញ្ជើញចូលរួមពីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងកិច្ចការនារី ក្រសួងធនធានទឹក និងឧតុនិយម សាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបង តំណាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម មន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្ត និងអង្គការ ដៃគូពាក់ព័ន្ធក្នុងខេត្តបាត់ដំបងសរុបចំនួន ៤០នាក់។ សិក្ខាសាលាផ្សព្វផ្សាយនេះរៀបចំឡើងក្នុងគោលបំណង៖ ១) ផ្សព្វផ្សាយ និងចែករំលែកលទ្ធផលនៃការរកឃើញពីការអនុវត្តគម្រោងទៅដល់អ្នកពាក់ព័ន្ធ និង២)ផ្តល់ឱកាសដល់អ្នកសិក្សាស្រាវជ្រាវ អ្នកអនុវត្តគម្រោង មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ ពិភាក្សា និងចែករំលែកបទពិសោធន៍ ចំណេះដឹងក្នុងការគ្រប់គ្រងគុណភាពដីកសិកម្មតាមរយៈការធ្វើកសិកម្មអភិរក្ស ក្នុងគោលបំណងរក្សាគុណភាពដីឱ្យមាននិរន្តរភាព ផលិតកម្មស្បៀង ក្នុងបរិបទ នៃការប្រែប្រួលអាកាសធាតុ។

តាមរយៈការធ្វើបទបង្ហាញពីអ្នកជំនាញអំពីលទ្ធផល នៃការរកឃើញ និងកិច្ចពិភាក្សា សិក្ខាកាមទទួលបានចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងការធ្វើកសិកម្មអភិរក្ស ឥទ្ធិពលនៃប្រព័ន្ធដំណាំកសិកម្មតាមបែបអភិរក្សដើម្បីចូលរួមក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសបញ្ហាប្រឈម និងដំណោះស្រាយឆ្ពោះទៅការសម្រេចបាននូវការគ្រប់គ្រងដីប្រកបដោយនិរន្តរភាព ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុនៅកម្ពុជា។ 





  • Share on Social Media